ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ស្តីពីការស្នើសុំកាយប្រឡាយ ២ខ្សែ ដើម្បីយកទឹកមកចិញ្ចឹមបង្គា នៅស្រុកព្រៃនប់ 

AKP ព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំនៃការស្នើសុំជីកប្រឡាយ ០២ខ្សែដើម្បីនាំទឹកប្រៃយកមកធ្វើស្រែបង្គា ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក  (ប៉ុលឌែ២) ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ ។

ក្រុមហ៊ុនចិញ្ចឹមបង្គា ហេង ហេង បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផ្ទៃដីស្រែបង្គាជាង ១០០ហិកតា ចិញ្ចឹមបង្គាជាលក្ខណៈធម្មជាតិ ហើយក្នុងមួយឆ្នាំយើងអាចប្រមូលផលបានបីដង ដោយក្នុងមួយដងចិញ្ចឹមរយៈពេល ៣ខែ ។ ដោយសារតែបច្ចុប្បន្ន ការចិញ្ចឹមបង្គាជួបបញ្ហានឹងខ្វះទឹកប្រៃមានគុណភាព ទើបក្រុមហ៊ុនបានស្នើសុំជីកប្រឡាយចំនួន ០២ខ្សែ ដើម្បីយកទឹកមកផ្គត់ផ្គង់ស្រែបង្គា និងបង្ហូរទឹកកខ្វក់ចេញពីស្រែបង្គា ហើយប្រឡាយនីមួយៗមានទទឹង ៥ម៉ែត្រ និងបណ្ដោយ ប្រមាណ ៧៥០ម៉ែត្រ ។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្រៅពីការចិញ្ចឹមរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏បានបំផុសប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមចិញ្ចឹមបង្គា ក្រុមហ៊ុននិងផ្ដល់កូន និងលក្ខណៈបច្ចេកទេសចិញ្ចឹម នៅពេលដែលប្រជាកសិករប្រមូលបានផល ក្រុមហ៊ុនប្រមូលទិញតាមតម្លៃទីផ្សារ ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុន ហេង ហេង ចិញ្ចឹមបង្គា ហើយសកម្មភាពចិញ្ចឹមបង្គានេះ រដ្ឋបាលខេត្តគាំទ្រ ព្រោះការចិញ្ចឹមបង្គានេះ បានចូលរួមចំណែកបង្កើនសេដ្ឋកិច្ច កាត់បន្ថយការនាំចូលបង្គាពីប្រទេសជិតខាង ។ ទន្ទឹមនោះក្រុមហ៊ុនត្រូវពង្រឹងទំនប់ការពារទឹកប្រៃកុំឱ្យហូរចូលដីស្រែប្រជាកសិករ។ ម្យ៉ាងទៀតប្រឡាយនេះត្រូវទុកជាសម្បត្តិសាធារណ: ទន្ទឹមនោះត្រូវបញ្ចៀសផលប៉ះពាល់ដើមកោងកាង និងត្រូវដាំដុះជំនួសឡើងវិញ ។ មន្ត្រីជំនាញត្រូវសិក្សាពីផលប៉ះពល់បរិស្ថាន ដើម្បីធានាថា ការជីកប្រឡាយទាំង ០២ខ្សែខាងលើ មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណ: ឡើយ៕ ដោយ៖ងូ សុមុនី