ក្រសួងអប់រំនិងសហព័ន្ធកីឡាជាតិជួបប្រជុំវាយតម្លៃពីប្រាក់រង្វាន់ជ័យលាភីនៃការប្រកួតអន្តរជាតិនានាក្នុងឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​

ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិចំនួន៣ប្រភេទកីឡា ជួបប្រជុំគ្នា វាយតម្លៃពីប្រាក់រង្វាន់ជ័យលាភី ជូនកីឡាករ-កីឡាការិនី៣ប្រភេទកីឡា ដែលទទួលបានមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតលើឆាកអន្តរជាតិនានានៅឆ្នាំ២០១៩កន្លងមក នៅសាលប្រជុំនាយកដ្ឋានកីឡាក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី២០ឧសភា២០២០ ។លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃប្រាក់រង្វាន់នេះ ។
សហព័ន្ធកីឡា៣ប្រភេទ ដែលទទួលបានមេដាយលើឆាកអន្តរជាតិកន្លងមកនោះ គឺសហព័ន្ធកីឡាប៊ូលនិងប៉េតង់ សហព័ន្ធកីឡាតុងហ្គីលម៉ូដូ និងសហព័ន្ធកីឡាវ៉ូវីណាម ។
សម្រាប់ប្រភេទកីឡាប៉េតង់ គឺទទួលបានមេដាយក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីលើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០១៩ ដោយមាន១១ប្រទេសចូលរួមលើ៨វិញ្ញាសា ក្នុងនោះកម្ពុជាឈ្នះមេដាយ៦គ្រឿង រួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េ កម្ពុជាទទួលបានមេដាយសំរិទ្ធ៣គ្រឿង ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកលើកទី៦នៅកម្ពុជា ដែលមាន២៤ប្រទេសចូលរួមលើ៤៤វិញ្ញាសា កម្ពុជាទទួលបានមេដាយសរុប៣១គ្រឿង ក្នុងនោះមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និង មេដាយសំរិទ្ធ១២គ្រឿង៕