ឯកឧត្តម ជាវ តាយ ចុះពិនិត្យលទ្ធផលគម្រោងសាងសង់ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត

AKP កំពត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះឈ្វេងយល់ និងពិនិត្យលទ្ធផលនៃគម្រោងសាងសង់ប្រព័ន្ធប្រមូល ប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង ក្នុងក្រុងកំពត ខេត្តកំពត កាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

អនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះ ទឹកភ្លៀងក្រុងកំពត គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងនៃមហា អនុតំបន់ មេគង្គទី២ ប្រើប្រាស់ឥណទានរបស់ADB។ គម្រោងបានចាប់ផ្ដើមអនុវត្តន៍តាំងពីខែតុលា ឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២១ គ្រោងប្រើប្រាស់ថវិកាប្រមាណជាង៩លាន ៩សែន ៦ម៉ឺន៨ពាន់ដុល្លារ ហើយគម្រោងនេះ មានអាងប្រព្រឹត្តិកម្មទឹកស្អាតចំនួន៣កន្លែងគឺ៖ ទី១. ស្ថិតនៅសង្កាត់ កំពង់បាយ, ទី២. ស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិលក្នុងក្រុងកំពតដូចគ្នា និង ទី៣.ជាអាង ប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ នៅភូមិត្រពាំងកញ្ឆែត ឃុំសំរោង ស្រុកទឹកឈូ។ ចំពោះប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់នេះ ក្នុងនោះមានស្ថានីយបូម ទឹកកខ្វក់ចំនួន២ បំពង់មេបញ្ជូនទឹកកខ្វក់មានប្រវែងជាង៧គីឡូម៉ែត្រ បំពង់បញ្ជូនទឹកកខ្វក់ មានប្រវែងជាង៩គីឡូម៉ែត្រ បំពង់ដែលត្រូវភ្ជាប់បណ្ដាញ ទឹកកខ្វក់តាមខ្នងផ្ទះ ប្រវែងជាង១២ គីឡូម៉ែត្រ ចំនួនខ្នងផ្ទះដែលត្រូវភ្ជាប់បណ្ដាញមាន២០០០ខ្នង និងប្រព័ន្ធរំដោះទឹកភ្លៀង មានប្រវែងជិត៨គីឡូម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសម្ដែងនូវអំណរសាទរ និងសង្ឃឹមចំពោះសមិទ្ធផលដ៏មានសារៈសំខាន់នេះ ដែលនឹងសម្រេចជាស្ថាពរក្នុងពេលខាង មុខដ៏ឆាប់នេះ ព្រោះសមិទ្ធផលទាំងនេះ អាចឆ្លើយតបនៃការកាត់បន្ថយក្ដីកង្វល់ពីអាជ្ញាធរ ខេត្ត ក្រុង ក៏ដូចជាប្រជាពលរដ្ឋ ពីបញ្ហានៃការជន់លិចក្រុងនៅពេលភ្លៀងមកម្ដងៗ នឹងអាចធ្វើឱ្យ អនាម័យបរិស្ថានបានល្អក្នុងក្រុងកំពតថែមទៀតផង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីអ្នកបច្ចេកទេសរួម និងអ្នកទទួលការសាងសង់ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើយ៉ាងណា ឱ្យដំណើរការសាងសង់នេះបានសម្រេចលឿនឆាប់រហ័ស និងតាមបទដ្ឋានបច្ចេក ទេស បានយ៉ាងល្អប្រសើរ និងធ្វើយ៉ាងណាជំរុញល្បឿននៃការសាងសង់ ក៏ដូចជាការស្ដារ ព្រែក ធម្មជាតិភូមិតាអេង ដែលជាផ្លូវទឹកសំខាន់ ក្នុងការរំដោះទឹកភ្លៀងចេញពីក្រុងកំពត ដើម្បី បញ្ចៀសការជន់លិចនៅពេលរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងអំឡុងពេលខាងមុខនេះ៕ ដោយ ប្រាក់ លាង