អង្គការចលនាដើម្បីសុខភាពកម្ពុជា និងWHOបញ្ជាក់ថា បារីអេឡិចត្រូនិច​បង្ករឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងងាយឆ្លងជំងឺផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា និងWHOបញ្ជាក់ថា បារីអេឡិចត្រូនិច​បានប៉ះពាល់​​ដល់សុខ​​ភាពអ្នក​​ប្រើប្រាស់​ខ្លាំង នឹងងាយឆ្លងជំងឺផ្សេងៗដែលទាមទាឱ្យមានការទប់ស្កាត់ជាបន្ទាន់។

លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុ​​ជាតិកម្ពុជានៅ​​រសៀល​ថ្ងៃទី២០ខែឧសភានេះថា បារីអេឡិចត្រូនិចមិនមានផ្សែងដូចបារីធម្មតាទេ តែវាមានចំហាយ និងមានផ្ទុក​សារធាតុគីមី​​បង្ករឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងស្រូបយ៉ាងធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក​ជាដើម។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចជំរុញឱ្យយុវជនវ័យក្មេងៗ​​ឈានទៅបោះបង់ការ​សិក្សា ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តិអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។ បើទោះបីជាអាជ្ញាធរមានសមត្​ថកិច្ចបានចាត់វិធានការបន្តបន្ទាប់ក៏ដោយ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិចនៅតាមបណ្ដាញសង្គម Facebook និង YouTube នៅតែមានជាហូរហែ ដែលកត្តាទាំងនេះ គឺជាក្ដីបារម្ភមួយអាចឈានទៅរកវិបត្តិសង្គម​​ក្នុងរយៈពេលដ៏ខ្លីខាងមុខដូចបញ្ហាគ្រឿងញៀនដែរ។

សំឡេង៖ «ក្រុមហ៊ុនថ្នាំជក់មួយចំនួននោះក្រោយពីមានអនុញ្ញា មានច្បាប់ហាមឃាត់ពាក់ព័ន្ធនឹងថ្នាំជក់ធម្មតា  គេបានងាកមកផលិតបារីអេឡិចត្រូនិចនេះវិញដើម្បីរកទីផ្សារបន្តទៀតបើទោះបីជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងនឹងធ្លាប់បានចេញសារាចរហាមលក់ និងប្រើប្រាស់នៅកម្ពុជាក៏ដោយ »។

លោកបន្តថា នៅកម្ពុជាមិនមានការអង្កេតច្បាស់លាស់ណាមួយពីតួលេខនៃអ្នកប្រើប្រាស់​​បារីអេឡិចត្រូនិច​​នេះទេគ្រាន់តែឃើញមានការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកពីការប្រើប្រាស់ដោយប្រើឧបករណ៍បឺតបារីអេឡិច​ត្រូនិចនរួមគ្នាដែលជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗជាពិសេសកូវីដ-១៩។

អង្គការសុខភាពពិភពលោកហៅកាត់ថា WHOបានបង្ហាញថា អង្គការសុខភាពពិភពលោកបានលើកឡើងថា “ បារីអេឡិចត្រូនិចមានផ្ទុកសារធាតុនីកូទីននិងសារធាតុពុលផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់និងអ្នកស្រូបចំហាយពីគេ។ បារីអេឡិចត្រូនិចត្រូវបានឧស្សាហកម្មថ្នាំជក់ប្រើកលល្បិចបំភ័នថាជាម៉ាស៊ីនផ្ដាច់បារី  មានសុវត្ថិភាពជាង ឬមានអនាម័យជាងបារីធម្មតា។ លើសពីនេះបារីអេឡិចត្រូនិចត្រូវបានឧស្សា​ហកម្មថ្នាំជក់ផលិតរសជាតិច្រើនជម្រើសសម្រាប់ទាក់ទាញយុវជនវ័យក្មេងឱ្យប្រើប្រាស់។

ការបំភ័នបែបនេះ បានអូសទាញអ្នកដែលមានបំណងចង់ផ្ដាច់បារីប្រមាណ ៦០% នៃអ្នកជក់បារីប្រមាណ ១.១ ពាន់លាននាក់ទូទាំងពិភពលោក ឱ្យចាប់ផ្ដើមងាកមកប្រើប្រាស់បារីអេឡិចត្រូនិច។ ការងាកមកប្រើប្រាស់បារីអេឡិចត្រូនិចវិញ នាំឱ្យពួកគាត់ប្រើប្រាស់ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា ឈានទៅរកការប៉ះពាល់សុខភាពរឹតតែធ្ងន់ធ្ងរ។ លើសពីនេះទៀតអ្នកដែលជក់បារីអេឡិចត្រូនិចនឹងក្លាយជាអ្នកញៀនបារីធម្មតា២ដង ច្រើនជាងអ្នកដែលមិនប្រើប្រាស់។ រហូតមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយត្រូវបានគេបង្ហាញថា បារីអេឡិចត្រូនិចជាឧបករណ៍ម៉ាស៊ីនផ្ដាច់បារីនៅឡើយទេ។ ផ្ទុយទៅវិញការប្រើប្រាស់បារីអេឡិចត្រូនិចប៉ះពាល់សុខភាពដូចបារីធម្មតាដែរហើយថ្មីៗនេះមានអ្នករងរបួសសួតចំនួនប្រមាណ ២៨០០ករណី និងស្លាប់ ៦៨នាក់នៅសហរដ្ឋអាមេរិក គិតត្រឹមខែកុម្ភះ ២០២០ ៕