រដ្ឋបាលខេត្តប៉ៃលិន បានបន្តសហការជាមួយក្រសួងអប់រំយុវជននិងកីឡា បើកដំណើរការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖

 រដ្ឋបាលខេត្តប៉ៃលិន បានបន្តសហការជាមួយក្រសួងអប់រំយុវជននិងកីឡា បើកដំណើរការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ សម្រាប់ជួយដល់សិស្សនៅទូទាំងខេត្តអាចបន្តរៀនសូត្របាន ទោះបីជាមិនទាន់មានការប្រកាសអោយបើកសាលារៀនវិញក៏ដោយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី << វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន >> នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី លោក ធូ ភា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត កំពុងខិតខំធ្វើការសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំយុវជននិងកីឡា ក្នុងការសិក្សាបន្ថែមអំពីបញ្ហាដាក់អោយដំណើរការ ឲ្យសិស្សានុសិស្សនៅទូទាំងខេត្តទាំងអស់អាចបន្តរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកបង្រៀន ដើម្បីធានាឲ្យគាត់អាចទទួលបានជោគជ័យនាពេលប្រឡង ក្នុងអំឡុងពេលនៃការបិទសាលានេះ ។
លោកបន្តថា ការបង្កើតការសិក្សាពីចម្ងាយនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការប្រមូលផ្តុំ ជួបជុំគ្នា ដែលនាំឱ្យមានហានិភ័យខ្ពស់ ក្នុងការចម្លងវីរុសកូវីដ១៩ ។
<< បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីដំណើរការបើកបង្រៀនសិស្សជារៀងរាល់ព្រឹកពេលថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ តាមប្រព័ន្ធអនឡាញរបស់មន្ទីរអប់រំយុវជននិងកីឡា និងផ្សព្វផ្សាយឲ្យសិស្សានុសិស្សរៀនតាមអនឡាញពេលរសៀលជាមួយនឹងសាលានានាដូចជាសាលាE School ជាដើម >> ។
លោកបន្ថែមថា អំឡុងពេលវិស្សមកាលមុនពេលកំណត់នេះ អាណាព្យាបាលមានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមអប់រំកូនឲ្យធ្វើស្វ័យសិក្សា តាមគោលការណ៍របស់ក្រសួង ដើម្បីឲ្យពួកគេនៅតែទទួលបានការអប់រំនិងចំណេះដឹង ពិសេសសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងនេះ ត្រូវតែខិតខំទ្វេដង ទើបចេះ ហើយប្រលងទទួលបានលទ្ធផលល្អ ។
សូមបញ្ជាក់ថា រយ:ពេលកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច e-learning ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំនួន៦ ដែលអាចឲ្យសិស្សានុសិស្សទាំងអស់ សិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួង ដើម្បីជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕