ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រចំពោះគម្រោងក្នុងការបង្កើត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ១ ដុល្លា របស់លោក ជិន ជ័យណារ៉ា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ ឧសភា ២០២០៖

ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រចំពោះគម្រោងក្នុងការបង្កើត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ១ ដុល្លា របស់លោក ជិន ជ័យណារ៉ា ដើម្បីអាចអោយ សិស្ស និស្សិត ជាពិសេសយុវជនក្រីក្រ រៀនបាន ដោយមិនបាច់ចំណាកស្រុកទៅសិក្សាក្រៅប្រទេស។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបក្រុម ការងារយុវជនស្មគ្រ័ចិត្ត ដឹកនាំដោយលោក ជិន ជ័យណារ៉ា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងក្នុងការបង្កើតជាសាលា បណ្តុះបណ្តាល របស់លោក ជិន ជ័យណារ៉ា ។ ចំពោះកិច្ចការងារនេះ ឯកឧត្តម បានណែនាំ ធ្វើការសហការ ជាមួយក្រសួងស្ថាប័នណា ដែលអាចអនុញ្ញាតអោយបើកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនេះបាន ដើម្បីអាចអោយក្រុមការងាររៀបចំឯកសារផ្សេងៗ ដាក់ទៅជាផ្លូវការ។
ក្នុងឱកាសនោះ លោក ជិន ជ័យណារ៉ា បានស្នើសុំការគាំទ្រ និងជួយធ្វើបែបបទយ៉ាងណា ដើម្បីអាចបើកជាសាលាបណ្តុះ បណ្តាលវិជ្ជាជីវៈ ១ ដុល្លានេះបាន។ លោក បញ្ជាក់ ពីគោលបំណងចង់បើកសាលានេះ សំរាប់សិស្ស និស្សិត និងយុវជនក្រីក្រ អាចរៀនតាមជំនាញដែលចង់រៀន ដោយមិនបាច់ចំណាកស្រុកទៅសិក្សាក្រៅប្រទេស ដោយគ្រាន់តែមករៀន រយៈពេល៣ខែ ហើយទទួលបានចំណេះដឹង និងជំនាញបានចប់រួចរាល់ គឺក្រុមការងារក្នុងសាលា សហការជាមួយ បណ្តាធនាគារឯកជន រៀបចំជាអាជីវកម្មជូន តាមមុខជំនាញនីមួយៗ តាមរយៈប្រាក់កម្ចីឥត ការប្រាក់៕