រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកាមួយចំនួនដល់បណ្តាវិហារឥស្លាមនៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ផ្តល់អំណោយផ្លែល្មើ និងថវិកាចំនួន ១ លានរៀល ក្នុង១វិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន ដល់បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន ។

ឯកឧត្តម បានបន្តថា សម្រាប់ផ្លែល្មើចំនួន ២ តោននេះ គឺទទួល បានពី ឯកឧត្តម ស្លៈ ណាស៊ី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាប្រធានមជ្ឍមណ្ឌល ព័ត៌មានមូស្លីមកម្ពុជា ដើម្បីផ្តល់ជូនតាមបណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន និងសាសនិកឥស្លាមដទៃទៀត។ ក្នុងនោះ ក៏បានចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ដោយក្នុង១ អគ្គនាយកដ្ឋាន ចំនួន ១០០គីឡូក្រាម សម្រាប់ស្ថានីយ៍វិទ្យុជាតិFM96 ទទួលបាន ៥០ គីឡូក្រាម។
តាមការបញ្ជាក់របស់ ឯកឧត្តម ស្លៈ ណាស៊ី បានអោយដឹងថា នេះជាឆ្នាំទី៣ហើយ ដែលមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅប្រទេសសឹង្ហបុរី និងអារ៉ាប់រួម អេម៉ារាត សរុបចំនួន ១២តោន។ ទាក់ទងទៅនិងសារៈសំខាន់នៃផ្លែល្មើនេះ ឯកឧត្តម ស្លៈ ណាស៊ី បានបញ្ជាក់ថា បើតាមមាគាទំនៀមទំលាប់នៅក្នុងសាសនាឥស្លាម យល់ឃើញថាផ្លែល្មើបាន ផ្តុំឡើងដោយវិតាមីនជាច្រើនប្រភេទ នៅតបន់អារ៉ាប់ ហើយជាងនេះជាមាគានៃទម្លាប់ នៅពេលពិធីស្រែបួស គឺសាសនិកឥស្លាម ទទួលទានចំនួន២ ទៅ៣ គ្រាប់មុនទទួលទាន អាហារផ្សេងៗបន្ថែមទៀត។
បន្ទាប់ពីបានទទួលអំណោយជាផ្លែល្មើ និងថវិកា រួចមកតំណាងបងប្អូនខ្មែរឥស្លាមក្នុង ស្រុកកោះសូទិន បានសំដែងនូវអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាម ជាពិសេសបានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះ ដល់បណ្តាវិហារ ឥស្លាម ជារៀងរាល់ឆ្នាំផងដែរ។
សូមបញ្ជាក់ថា សម្រាប់ពិធីស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំនេះបានធ្វើឡើងចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ៕