រដ្ឋវស្សាឆ្នាំនេះខេត្តព្រះសីហនុនឹងមិនមានការជន់លិចដូចឆ្នាំកន្លងទៅ ខណៈប្រព័ន្ធអូរប្រឡាយស្ថាបនា ជិតរួចរាល់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០៥ ២០២០៖

រដ្ឋបាលខេត្តព្រះសីហនុអះអាងថា រដូវស្សាឆ្នាំនេះខេត្តព្រះសីហនុនឹងមិនមានការជន់លិចដូចឆ្នាំកន្លងទៅឡើយ ខណៈប្រព័ន្ធអូរប្រឡាយស្ថាបនាជិតរួចរាល់ ដែលមិនបង្កការរំខាន់ដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងបង្កើតសោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត ដែលជាទីទាក់ទាញភ្ញៀវ ទេសចរនិងធុរជន ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា រដ្ឋបាលខេត្ដបានប្តេជ្ញាខិតខំប្រឹងប្រែង រៀបចំប្រព័ន្ធលូ ស្តារអូ កាយប្រឡាយជាបន្ដបន្ទាប់ឲ្យរួចរាល់មុនរដូវវស្សាមកដល់ ខណៈដែលក្រុមការងារ ជំនាញបានសម្រុកធ្វើទំាងយប់ទំាងថ្ងៃ។
លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រហូតមកដល់នេះ ការងារស្ថាបនាប្រព័ន្ធប្រឡាយ លូ ស្តារអូសំខាន់ៗក្នុងខេត្តព្រះសីហនុ សម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗនេះ។
«បើយើងនិយាយជារួមយើងអាចប្រើពាក្យថាកាត់បន្ថយ ព្រោះការជន់លិច កត្តាដែលធ្វើឲ្យជន់លិចនៅក្នុងទីក្រុងនេះ រឿងអូរប្រឡាយជារឿងមួយ រឿងផ្សេងៗទៀតដូចជាការ ការសាងសង់សំណង់អាគារថ្មីៗ ការចាក់បំពេញដីផ្ទៃទំនាបការរងទឹកភ្លៀង ព្រោះឥលូវនេះសន្ទុះនៃការសាងសង់វាមានច្រើន អញ្ចឹងវាមានការចាក់បំពេញផ្សេងៗទៅ កាលណាមានភ្លៀងបរិមាណនៃកំរិតទឹកភ្លៀងវាខ្ពស់ ពេកវាអាចនិងធ្វើឲ្យមានការលិចខ្លះ ប៉ុន្តែមិនលិចយូរ យើងត្រឹមថាទឹកប្រៀបពេញផ្ទៃថ្នល់ ផ្ទៃផ្លូវ រយៈពេលខ្លីក៏វាស្រកទៅវិញវាលឿនមិនមានរយៈពេលយូរទេ ទោះបីរាជធានីភ្នំពេញក៏ដោយ ប្រទេសជឿនលឿនមិចក៏ដោយ ប្រទេសថៃប្រទេសអីក៏ដោយ កាលណាភ្លៀងបុកសម្រុកមកខ្លាំង កម្ពស់កំរិតទឹកភ្លៀងវាលើស អាហ្នឹងវាអាចរងផលប៉ះពាល់ខ្លះ ប៉ុន្តែយើងអាចថាវាកាត់បន្ថយបានច្រើន នៅពេលដែលប្រព័ន្ធអូរប្រឡាយយើងបានបើកទៅតាមប្លង់ប្រព័ន្ធយើងមានសុទិដ្ឋិនិយមថាវាកាត់បន្ថយបានច្រើន »។
លោកបានបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅខេត្តព្រះសីហុនមានការជន់លិចក្រោយពីមានការធ្លាក់ភ្លៀងមកម្ដងៗនៅក្នុងទីក្រុង ដូច្នេះអាជ្ញាធរនិងមន្រ្តីបានក៏បានធ្វើការចុះពិនិត្យរកឃើញថា មូលហេតុមកពី ការសាង់សង់លំដ្ឋានរបស់ប្រជាពលរដ្ឋរំលោភលើលូរប្រឡាយ ការកកស្ទះដោយសារសំរាម ដែលប្រជាពលរដ្ឋបានបោះចោលទៅក្នុងលូររឺប្រឡាយ ដែលជាហេតុធ្វើឲ្យសំរាមទាំងនោះមានការកកស្ទះ តាមតំបន់មួយចំនួន និងនៅក្រោមស្ពានមួយចំនួនផង ។ លោកបានបន្តថា ការកើនឡើងនៅសំណង់អាគារផ្សេងៗក្នុងខេត្ត ក៏ជាកត្តាមួយផងដែរ ដែលធ្វើឲ្យមានការជន់លិច ។
ដើម្បីធានាការពារនិងកាត់បន្ថយកុំឲ្យក្រុងព្រះសីហនុ លិចលុងដោយជំនន់ទឹកភ្លៀងតទៅទៀតលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងការបោះចោលសំរាមពាសវាលពាសកាលដែលអាចធ្វើឲ្យសំរាមទាំងនោះមានការហូរចូលក្នុងលូរឺអូរប្រឡាយដែលជាហេតុនាំឲ្យកកស្ទះចរន្តទឹកហូរ ៕