មន្ត្រីជំនាញក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២០.០៥.២០២០
MC៖

មន្ត្រីជំនាញក្រសួងមហាផ្ទៃបានបញ្ជាក់ថាការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវពិសេសដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងចូលរួមគោរពទាំងអស់គ្នា។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ ត្រី ថី វិសាលអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោគនិងសណ្តាប់ធ្នាប់សារធារណៈនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វិធានការនេះគឺជាជម្រើសដ៏ល្អបំផុត ក្នុងចំណោមវិធានការជាអាទិភាពផ្សេងទៀតដែលរាជរដ្ឋាភិបាលបានកំណត់យកដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដែលតែងធ្វើឱ្យប្រជាពលរដ្ឋពិការភាពបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិជាច្រើនជារៀងរាល់ថ្ងៃ។លោកបានបញ្ជាក់ថាការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដោយមានការផាកពិន័យប្រាក់ច្រើនជាងមុននេះគឺក្នុងគោលបំណងតែមួយគត់គឺឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវមិនមែនធ្វើបាបប្រជាពលរដ្ឋនោះទេ។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងចំពោះជីវភាពរបស់ប្រជាពលរដ្ឋដោយបានសម្របសម្រួលចំពោះករណីយានយន្តចាស់ៗភ្នាក់ងារនគរបាលគ្រាន់តែធ្វើការអប់រំទេឲ្យគាត់យកយានយន្តនេះទៅជួសជុលបំពាក់ឲ្យមានលក្ខណៈបច្ចេកទេសតាមស្តង់ដារចំពោះការចុះត្រួតពិនិត្យជាតិអាកុលនៅពេលយប់វិញគឺដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់នូវច្បាប់ចរាចរណ៏ចៀសវាងបានពីការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

«រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ជាក់ស្ដែងដូចជាប័ណ្ណបើកបរដែលកន្លងមកប្រជាពលរដ្ឋប្រើម៉ូតូកម្លាំង៤៩សេៗដល់១២៥សេៗច្បាប់ចាស់គឺតម្រូវមានប័ណ្ណបើកបរប្រភេទក១ហើយថែមទាំងបង់ពន្ធផ្លូវបន្ថែមទៀត។ប៉ុន្តែរាជរដ្ឋាភិបាលបានសង្កេតឃើញថាកត្តាជីវភាពនេះហើយចឹងបានលុបចោលនូវប័ណ្ណបើកបរប្រភេទក១បងប្អូនប្រើម៉ូតូក្រោម១២៥សេៗចុះក្រោមមិនចាំបាច់ប្រើប័ណ្ណបើកបរនោះទេហើយក៏មិនចាំបាច់បង់ពន្ធផ្លូវដែរ។ ហើយមិនបាច់យកម៉ូតូនេះទៅឈៀសដែលនេះហើយគឺជាការសម្របសម្រួលមួយដ៏ធំរបស់រាជរដ្ឋាភិបាលមិនចង់បានប្រាក់ប្រណីពីប្រជាពលរដ្ឋទេគឺចង់ឱ្យប្រជាពលរដ្ឋមានជីវភាពធូធារ មានសេចក្តីសុខសុវត្ថិភាពនៅលើដងផ្លូវនោះទៅវិញទេ។ចំពោះយានយន្តចាស់ៗបច្ចុប្បន្នសមត្ថកិច្ចមិនផាកពិន័យទេប៉ុន្តែឃាត់អប់រំព្រោះអាចបង្កជាកត្តាហានិភ័យគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ»។
សូមបញ្ជាក់ថាចាប់តាំងពីដើមខែឧសភាមកសមត្ថកិច្ចបានការអនុវត្តវិធានការតឹងរ៉ឹងក្នុងច្បាប់ថ្មីនេះបានធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសមានការថមថយចុះជាងមុន៕