ប៉ាឡេស្ទីនដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងអស់ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក 

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — ប្រមុខនៃអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានព្រមានម្តងហើយ ម្តងទៀតដល់​អ៊ីស្រា-អែលថា លោកនឹងហែកកិច្ចព្រមព្រៀងទ្វេភាគីណាមួយ ជាមួយរដ្ឋជ្វីហ្វមួយនេះ ប្រសិនបើទីក្រុង Tel Aviv ព្យាយាមពង្រីក​អធិបតេយ្យភាពរបស់ខ្លួនលើផ្នែកខ្លះនៃតំបន់ West Bank ដែលជាលទ្ធភាពមួយដែលត្រូវបានបើកដោយរដ្ឋាភិបាលឯកភាពថ្មីរបស់​អ៊ីស្រាអែល។

កាលពីថ្ងៃអង្គារ ប្រមុខអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយថា ប្រជាជនប៉ាឡេ-ស្ទីនបានបញ្ចប់កិច្ច​ព្រមព្រៀងទាំងអស់ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពេលដែលទីក្រុង Tel Aviv មានបំណងពង្រីកអធិបតេយ្យភាពរបស់ខ្លួន​លើ «ទឹកដីប៉ាឡេស្ទីន»។

លោក Abbas បាននិយាយនៅក្នុងស្ថានីយប៉ុស្តិ៍ទូរទស្សន៍ Al Jazeera ថា «អង្គការរំដោះប៉ាឡេស្ទីន និងរដ្ឋប៉ាឡេស្ទីន នៅថ្ងៃនេះបានលះបង់កាតព្វកិច្ចទាំងអស់ក្រោមកិច្ចព្រមព្រៀងទាំងអស់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំង​កាតព្វកិច្ចដែលទាក់ទងនឹងសន្តិសុខផងដែរ»។

កិច្ចព្រមព្រៀងនានាដែលលោក Abbas បានលើកឡើង ដោយមិនបាននិយាយបញ្ជាក់ដោយផ្ទាល់ រួមទាំងឯកសារមួយចំនួន​ដែលបានចុះហត្ថលេខានៅទសវត្សឆ្នាំ១៩៩០ ក្នុងអំឡុងពេលដំណើរការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ ដោយក្នុងនោះមានកិច្ចព្រមព្រៀងអូស្លូ ពិធីសារ Herbron ឆ្នាំ១៩៩៧ និងអនុស្សារណៈយោគយល់គ្នា Wye River ឆ្នាំ ១៩៩៨ ។

មេដឹកនាំប៉ាឡេស្ទីន បានអំពាវនាវឱ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះសហគមន៍អន្តរជាតិចាប់ពីពេលនេះតទៅ ក្នុងនាមជា «កម្លាំងកាន់កាប់នៅក្នុងទឹកដីដែលកាន់កាប់ដោយប៉ាឡេស្ទីន»។

ការផ្លាស់ប្តូរនេះធ្វើឡើងចំពេលមានគម្រោងរបស់ទីក្រុង Tel Aviv ដើម្បីពង្រីកអធិបតេយ្យភាពរបស់ខ្លួនលើផ្នែកខ្លះនៃតំបន់ West Bank ដែលជាចេតនាគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយប្រជាជនប៉ាឡេស្ទីន និងប្រទេស​ភាគច្រើននៅក្នុងពិភពលោក។

លោក Abbas បានស្តីបន្ទោសដល់សហរដ្ឋអាមេរិកដោយចោទប្រកាន់រដ្ឋបាលលោក ត្រាំ ថា «អយុត្តិធម៌ចំពោះប្រជាជន​ប៉ាឡេស្ទីន»៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)