ប្រេសិតរបស់រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ និង ចិន ទទូចឱ្យមានការចាប់ផ្តើមកិច្ចចរចា ផ្ទៃក្នុងនៃប្រទេសអាហ្វហ្គានីស្ថានឱ្យបានឆាប់

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — យោងតាមសេចក្តីថ្លែងការណ៍រួមដែលផ្សព្វផ្សាយដោយក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានឱ្យដឹងថា បណ្តាប្រេសិតពិសេសមកពីប្រទេសរុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ និងចិន ទាក់ទងនឹងស្ថានភាពនៃប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យគ្រប់ភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទាំងអស់ រួមទាំងចលនាតាលីបង់ផងដែរ (ចលនាខុសច្បាប់នៅប្រទេស​រុស្ស៊ី) បើកផ្លូវសម្រាប់កិច្ចចរចា។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា បណ្តាប្រេសិត «ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងមេដឹកនាំនយោបាយសំខាន់ៗពីររូប គឺលោក Ashraf Ghani និង លោក Abdullah Abdullah ហើយសង្ឃឹមថា ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងពន្លឿនការចាប់ផ្តើមនៃកិច្ចចរចា​ផ្ទៃក្នុងនៃប្រទេសអាហ្វហ្គានីស្ថាន»។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា ដោយឈរលើទស្សនៈនេះ ពួកគេបានអំពាវនាវដល់​ក្រុមជនជាតិភាគតិចអាហ្វហ្គានីស្ថានទាំងអស់ រួមទាំងក្រុមតាលីបង់ផងដែរ ក្នុងការធ្វើសកម្មភាពរៀបចំស្ថានការណ៍ដើម្បីចាប់ផ្តើម​កិច្ចចរចាផ្ទៃក្នុងនៃប្រទេសអាហ្វហ្គានីស្ថានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និង ប៉ាគីស្ថាន បានទាក់ទាញការវិវឌ្ឍន៍ទាក់ទងនឹងការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន នឹងបាន «អំពាវនាវឱ្យដកកងទ័ពបរទេសចេញតាមរបៀបមានរបៀបរៀបរយ និងមានការទទួលខុសត្រូវ ដើម្បីឱ្យស្ថានការណ៍នៅ​អាហ្វហ្គានីស្ថានជួបប្រទះនូវការផ្លាស់ប្តូរជាលំដាប់»។

ពួកគេបានគាំទ្រដល់ការដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំងដែលគ្រប់គ្រងដោយគ្រប់ភាគីនៃជម្លោះនៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា ដំណោះស្រាយលេខ ២៥១៣ (២០២០) នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវបាន​គោរព។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា បណ្តាអ្នកតំណាងពិសេស «គាំទ្រគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហ​ប្រជាជាតិ លោក Antonio Guterres សម្រាប់បទឈប់បាញ់ជាសកល និងអំពាវនាវឱ្យមានការប្រកាសដំណាលគ្នានៃបទឈប់បាញ់ដ៏​ទូលំទូលាយនៅទូទាំងប្រទេស​អាហ្វហ្គានីស្ថាន ដូចដែលបានព្រមព្រៀងនៅក្នុងចំណោមភាគីជម្លោះទាំងអស់។

បណ្តាប្រេសិតទាំងនោះ ជំរុញឱ្យភាគីអាហ្វហ្គានីស្ថានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងក្រុម      អាល់កៃដា រដ្ឋអ៊ីស្លាម (ទាំងនៅក្រៅប្រទេសរុស្ស៊ី) និងអង្គការភេរវករអន្តរជាតិដទៃទៀតដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងប្រទេសនៅក្នុងតំបន់នេះ ក៏ដូចជា​ចាត់វិធានការប្រឆាំងនឹងការផលិតគ្រឿងញៀននៅក្នុងប្រទេស និងការជួញដូរគ្រឿងញៀនផងដែរ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)