សម្តេចតេជោនិងប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានចំពោះរបបខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោឃៅ

វិទ្យុជាតិកម្ពុជា ៖ដោយ​ លោក​ ហុក​ សុខរិន​

សម្តេចតេជោនិងប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានចំពោះរបបខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោឃៅ ហើយប្តេជ្ញាការពារមិនចង់របបខ្មែរក្រហមវិលវិញចូលប្រទេសកម្ពុជាសារជាថ្មីនោះទេ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថាថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។
សម្តេចតេជោបញ្ជាក់ថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញសូមបងប្អូន ប្រជាពលរដ្ឋទំាងអស់ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
ចំណែកលោកស្រីចំរើន នារី ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលបានប្រសាសន៍ថា ទោះបីជារបបប៉ុលពតនេះបានរួចផុតជាច្រើនឆ្នាំក៏ពិតមាន តែសេចក្តីឈឺចាប់ សេចក្តីតុកស្លុត និងភាពភ័យខ្លាចនៅតែតក់ជាប់ក្នុងអារម្មណ៍ជានិច្ច ដែលពួកប៉ុលពតបានកាប់សម្លាប់ ធ្វើទារុណ កម្មគ្មានប្រណីដៃចំពោះសាច់ញាតិនិងប្រជាជនខ្លួនឯង។ អ្នកស្រីបន្តថា ភាពរស់រានមានជីវិតមក ដល់សព្វថ្ងៃនេះគឺជាសំណាងធំណាស់ក្រោមការរំដោះនៃទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើឲ្យប្រជាជនរួចផុតពីគ្រោះប្រល័យពូជសាសន៍ មានសិទ្ធិរស់រានមានជីវិត មានសេរី ភាពពេញលេញក្នុងការចិញ្ចឹមជីវិតតាមបំណងប្រាថ្នារបស់ខ្លួន។
រីឯលោក រឿន ដារាជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលនោះបានបង្ហាញចំណាប់ អារម្មណ៍ថា ថ្ងៃ២០ឧសភាជាថ្ងៃដែលពលរដ្ឋកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានឡើយ និងចងចាំជា រៀងរាល់រហូតនូវរាល់ទារុណកម្មឃោឃៅព្រៃផ្សៃ និងអមនុស្សធម៌ដោយរបបប្រល័យពូជសាសន៍ នៅលើទឹកដីនៃមាតុភូមិកម្ពុជា។ ជាមួយគ្នានេះលោកថា កំហឹងនិងការឈឺចាប់ទាំងអម្បាលមាណ របស់ប្រជាពលរដ្ឋខ្មែរនឹងប្រែក្លាយជាស្មារតីចង់ចាំប្រយុទ្ធទប់ស្កាត់មិនអោយរបបដ៏អប្រិយ៍នេះបាន កើតឡើងសារជាថ្មីនោះទេ។
សូមជម្រាបថា ការប្រារព្វថ្ងៃ២០ឧសភានៃទិវាទិវាចង់កំហឹងពួកប៉ុលពតនៅក្នុងឆ្នាំ២០២០នេះ គឺគំ រប់ខួបលើកទី៤៥ឆ្នាំហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចង់ចាំមិនភ្លេចនូវរបបប្រល័យជីវិតប្រជាជន ខ្មែរយ៉ាងរង្គាលអស់ជាង៣លាននាក់៕