ប្រទេសកូរ៉េខាងជើងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៧ ដែលកំពុងប្រឈម​នឹងកង្វះស្បៀងអាហារដោយសារជំងឺរាតត្បាតសកលលោក

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — ទីភ្នាក់ងារស្បៀងអាហាររបស់អង្គកាសហប្រជាជាតិបាននិយាយថា ប្រជាជនប្រមាណ ១៨៣លាននាក់នៅក្នុងប្រទេសចំនួន ៤៧ រួមទាំងប្រទេសកូរ៉េខាងជើងផងដែរ កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដោយ​សារការបិទព្រំដែន និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានរឹតត្បិតការទទួលបានផលិតផលកសិកម្ម។

អង្គការស្បៀងអាហារ និងកសិកម្ម ( FAO ) ក៏បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា នៅឆ្នាំនេះ ថវិកាប្រហែល ៣៥០លានដុល្លារអាម៉េរិកនឹងត្រូវការជាចាំបាច់ដើម្បីផ្តល់ជំនួយចាំបាច់ដល់ប្រទេសទាំងនោះដែលកំពុងប្រឈមមុខនឹងវិបត្តិ។

របាយការណ៍នោះបាននិយាយថា «ខណៈដែលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបំផ្លាញជីវិតមនុស្ស ប្រព័ន្ធសុខភាព​សាធារណៈ ជីវភាពរស់នៅ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រជាជនដែលរស់នៅក្នុងបរិបទវិបត្តិស្បៀងអាហារ និងអ្នកដែលមានភាព​ធន់ទ្រាំត្រូវបានបំផ្លាញដោយវិបត្តិសេដ្ឋកិច្ចពីមុនត្រូវបានរងផលប៉ះពាល់ជាពិសេស»។

របាយការណ៍នេះបាននិយាយបន្ថែមថា « ជាសកល ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធ​ស្បៀងអាហារតាមរយៈផលប៉ះពាល់លើការផ្គត់ផ្គង់ និងតម្រូវការស្បៀងអាហារ នឹងដោយប្រយោលតាមរយៈការថយចុះនូវអំណាចទិញ សមត្ថភាពផលិត និងការចែកចាយស្បៀងអាហារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការថែរក្សា ដែលទាំងអស់នេះនឹងមានផលប៉ះពាល់ខុសគ្នា ហើយនឹងជះឥទ្ធិពលកាន់តែខ្លាំងដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ»។

របាយការណ៍បានកត់សម្គាល់ថា «មានហានិភ័យធ្ងន់ធ្ងរដែលមនុស្សនឹងជួបប្រទះនឹងស្ថានភាពអត់ឃ្លាន ប្រសិនបើតម្រូវការ​មិនត្រូវបានបំពេញ» ថវិកាប្រមាណ ៣៥០លានដុល្លារអាមេរិកនឹងត្រូវក្លាយជាតម្រូវការដើម្បីធានាដល់ការផ្តល់ជំនួយចាំបាច់​ដែលមាន​តម្រូវការខ្ពស់រួចហើយ។

ទោះជាយ៉ាងណា វាមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពនៅកូរ៉េខាងជើង ដូចជាថា តើមានមនុស្សប៉ុន្មាននាក់កំពុង​ប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារនោះទេ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)