ស្ថាប័នមិត្តភាពអាស៊ាន និងចិន រៀបចំកិច្ចប្រជុំតាមវីដេអូស្តីពីជំងឺកូវីដ-១៩ 

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី១៩ ខែឧសភា បណ្តាថ្នាក់ដឹកនាំនៃស្ថាប័នមិត្តភាពនៃបណ្តាប្រទេសសមាជិក​អាស៊ាន និងប្រទេសចិន បានរៀបចំកិច្ចប្រជុំតាមវីដេអូពិសេសមួយ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធីដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅក្នុងស្ថានភាពថ្មី។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនោះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានចែក​រំលែកបទពិសោធន៍របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានបាវចនាថា »ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត​ដូចជាការប្រយុទ្ធនឹងសត្រូវ» ដែលត្រូវចាំក្នុងចិត្តជានិច្ច។

លោកស្រីបាននិយាយថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេសវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជា​សមាជិកដទៃទៀតក្នុងការ​ទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស តាមរយៈវិធីសាស្រ្តបង្រួបបង្រួមពហុវិស័យ និង សហគមន៍។

លោកស្រី Nga បាននិយាយបន្ថែមថា បណ្តាប្រទេសនៅអាស៊ានបានសហការយ៉ាងជិតស្និទ្ធតាមមធ្យោបាយជាច្រើនជាមួយ អង្គការ​សុខភាពពិភពលោក (WHO) និងដៃគូនានា រួមទាំងប្រទេសចិនផងដែរ ដើម្បីបង្កើតការឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធិភាព ចំពោះ​ជំងឺរាតត្បាតកូវីដ-១៩ ។

លោកស្រីបានជំរុញឱ្យបណ្តាប្រទេសទាំងអស់រក្សាបរិស្ថាន សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដើម្បីលុប​បំបាត់​ការរីករាលដាលនៃជំងឺរាតត្បាតនេះ ។

លោកស្រីបាននិយាយថា សាមគ្គីភាព និងជំនួយទៅវិញទៅមក គឺជាគន្លឹះសំខាន់សម្រាប់ប្រទេសទាំងអស់ដើម្បីជម្នះពេលវេលា​ដ៏លំបាកនេះ។

លោកស្រី Nga បានបន្តទៀតថា VUFO ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមិត្តភាពនៃបណ្តាប្រទេសនៅ​អាស៊ាន ដើម្បីបង្កើនការផ្លាស់ប្តូរ នឹងជំរុញភាពជាដៃគូរវាងពួកគេ និងប្រទេសចិន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)