ធនាគារពិភពលោកផ្តល់យោបល់ដល់ប្រទេសវៀតណាម អំពីការទទួលបានផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង EVFTA

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — ធនាគារពិភពលោក( WB)បានចេញនូវអនុសាសន៍ជាច្រើនដើម្បីជួយវៀតណាមបង្កើន​សមាហរណ កម្មអន្តរជាតិ និងទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម (EVFTA) ដែលត្រូវបានគេ​រំពឹងថា នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដែលមានចំណងជើងថា «ប្រទេសវៀតណាម៖ ការធ្វើ​សមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងការអនុវត្តកិច្ចព្រមព្រៀង EVFTA» ធនាគារពិភពលោកបានស្នើឱ្យប្រទេសនេះបំពេញក្រប​ខ័ណ្ឌច្បាប់របស់ខ្លួន និងកែលម្អសមត្ថភាពអនុវត្តន៍របស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ពេញលេញ។

របាយការណ៍នេះបានប៉ាន់ប្រមាណថា ការអនុវត្តកិច្ចព្រមព្រៀង EVFTA ពេញលេញអាចបង្កើនផលិតផលក្នុងស្រុកសរុបរបស់​ប្រទេសវៀតណាមបាន ២,៤ភាគរយ ជំរុញការនាំចេញបាន ១២ភាគរយ និងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីចំនួន ១០០.០០០នាក់ ទៅដល់ ៨០០.០០០នាក់ នៅក្នុងឆ្នាំ ២០៣០ ។ អត្ថប្រយោជន៍ទាំងនេះចាំបាច់សម្រាប់ទ្រទ្រង់សមិទ្ធិផលសេដ្ឋកិច្ច​ខណៈដែលប្រទេសនេះកំពុងដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាម WB បានឱ្យដឹងថា​ អត្ថប្រយោជន៍ពីការចូលរួមរបស់ខ្លួននៅក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើប្រទេស វៀតណាមអនុវត្តន៍កម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័នទូលំទូលាយ។ កំណែទម្រង់​ទាំងនេះនឹងជួយជំរុញដល់ផលិតភាព ជួយឱ្យផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៦,៨ភាគរយដល់ឆ្នាំ ២០៣០ ។

របាយការណ៍នេះបាននិយាយថា ប្រទេសវៀតណាមគួរតែលើកកម្ពស់សមត្ថភាពរបស់ខ្លួនដើម្បី អនុវត្តន៍តាមវិធានច្បាប់ដើម វិធានការអនាម័យ និងយន្តការដោះស្រាយវិវាទរវាងវិនិយោគិន និងរដ្ឋ។

របាយការណ៍បានអំពាវនាវឱ្យប្រទេសនេះពង្រឹងទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងសហគ្រាសវិនិយោគបរទេស​ដែលជាក្រុមហ៊ុនឈានមុខគេក្នុងខ្សែសង្វាក់តម្លៃសកលលោកសំខាន់ៗ។ តម្រូវការសុវត្ថិភាពចំណីអាហារដ៏តឹងរឹងរបស់សហភាពអឺរ៉ុប ក៏តម្រូវឱ្យប្រទេសវៀតណាមកែលម្អវិធានការអនាម័យតាមលក្ខណៈតម្លាភាព និងស៊ីជម្រៅជាងមុនផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)