គ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យខាតបង់ សេដ្ឋកិច្ចជាង ១,៣៨ប៊ីលានដុល្លារអាមេរិកនៅឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — យោងតាមការរាយការណ៍នៅក្នុងសន្និសីទមួយកាលពីថ្ងៃទី​១៩ ខែឧសភា បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ នឹងបង្កការខាតបង់សេដ្ឋកិច្ចជាង ៣,២ទ្រីលាន ដុង (ជាង ១,៣៨ប៊ីលានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី ៨ ខែឧសភា។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល នៃសង្គមកាកបាទក្រហម វៀតណាម (VRCS) ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលរបស់ខ្លួនក្នុងការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ ២០១៩ និងដាក់ចេញនូវភារកិច្ចសម្រាប់ឆ្នាំ ២០២០ ។

អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាល VRCS លោក Nguyen Hai Anh បាននិយាយនៅក្នុងសន្និសីទ​នោះថា ចាប់តាំងពីដើមឆ្នាំនេះ VRCS បានផ្តល់ជូននៅទូទាំងប្រទេសនូវទឹកប្រាក់ជាង ១០០ប៊ីលានដុង (៤,៣៤លានដុល្លារអាមេរិក) សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំងឺ ដែលក្នុងនោះថវិកាចំនួន ៣,០៨ប៊ីលានដុង ត្រូវបានចំណាយដើម្បីជួយមនុស្សចំនួន ៤២.០០០នាក់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។

លោកបាននិយាយបន្ថែមថា បច្ចេកវិទ្យាព័ត៌មាន (IT) ត្រូវបានអនុវត្តន៍ក្នុងការកាត់បន្ថយ និងឆ្លើយតបនឹងគ្រោះមហន្តរាយ​ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយចាប់ផ្តើមដំបូងជាមួយនឹងការព្យាករណ៍។

លោក Nguyen Truong Son អនុប្រធានការិយាល័យគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការបង្ការ និងត្រួតពិនិត្យគ្រោះ​មហន្តរាយធម្មជាតិបាននិយាយថា ប្រទេសវៀតណាមបានជួបប្រទះនូវគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត និងមិនទៀងទាត់ ព្រមទាំងបាន​បំបែកកំណត់ត្រាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។

លោកបានពន្យល់ថា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ព្យុះខ្យល់ ព្យុះផ្គរ រន្ទះ និងព្យុះព្រឹល បានកើតឡើងនៅថ្ងៃដំបូងនៃឆ្នាំនេះ​ បើគិតតាមច័ន្ទគតិ គឺនៅចុងខែមករា នឹងនៅតាមមូលដ្ឋានចំនួន ៣១ ដែលមិនធ្លាប់ជួបឧប្បត្តិហេតុបែបនេះកាលពីអតីតកាលមកទេ។

ទន្ទឹមនិងនេះដែរ គ្រោះរាំងស្ងួត បានកើតឡើងមុនមួយខែក្នុងកម្រិតជាមធ្យមប្រចាំឆ្នាំ និងឈានដល់កម្រិតនៃកំណត់ត្រា​នៅតំបន់ដីសណ្ដទន្លេមេគង្គ។

មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា ការបាត់បង់អាចត្រូវបានបន្ធូរបន្ថយតាមរយៈវិធានការណ៍នានា ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះ​គ្រោះមហន្តរាយធម្មជាតិដោយផ្អែកលើសេណារីយ៉ូដ៏អាក្រក់បំផុត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)