វៀតណាមចូលរួមវេទិកាអាស៊ាន-អូស្ត្រាលីលើកទី ៣២

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី១៨ ខែឧសភា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ( SOM ) ប្រចាំវៀតណាម បានចូលរួមវេទិកាអាស៊ាន – អូស្រ្តាលីលើកទី៣២ ដែលត្រូវបាន​ធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូតាមអ៊ីនធឺណេត។

នៅក្នុងសុន្ទរកថានៅឯពិធីនោះ លោក Dung បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងទាន់ពេលវេលារបស់​អាស៊ាន នឹងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ខ្លួនជាមួយដៃគូនានា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផល​ប៉ះពាល់ដល់សង្គមសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតនេះផងដែរ។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងទប់ទល់និងជំងឺនេះ វៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស​នៅអាស៊ាន និងដៃគូ រួមទាំងអូស្រ្តាលីផងដែរដើម្បីរក្សាសកម្មភាពរបស់អាស៊ានតាមរយៈសន្និសីទវីដេអូ បន្តជំរុញការតម្រង់ទិស និងអាទិភាព​សម្រាប់កិច្ចសហប្រតិបត្តិការដែលបានកំណត់នៅក្នុងឆ្នាំ ២០២០ និងការអនុវត្តនៃចក្ខុវិស័យសហគមន៍ឆ្នាំ ២០២៥ ពង្រឹងយន្តការអាស៊ាន អភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ នឹងពង្រីកភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Dung បានស្នើការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ក្នុងកិច្ចការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ ធានានូវការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺនេះ កាត់បន្ថយផលប៉ះពាល់របស់ខ្លួនទៅលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងរៀបចំផែនការស្តារឡើងវិញនិងអភិវឌ្ឍន៍ក្រោយការឆ្លងរីករាលដាលនេះ។

លោកបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន – អូស្ត្រាលីក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

លោក Dung បានជំរុញឱ្យប្រទេសនានាបង្កើនសាមគ្គីភាព និងការគោរពនីតិរដ្ឋ និងកសាងទំនុកចិត្ត ដើម្បីធានានូវបរិយាកាស​សន្តិភាព សុវត្ថិភាព និងស្ថិរភាពដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ។

ក្នុងខណៈនៃកិច្ចប្រជុំប្រចាំឆ្នាំនៃថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេស សន្និសីទនេះមានគោលបំណងពិនិត្យឡើងវិញនូវដំណើរការនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីវិធានការណ៍នានាដើម្បីលើកកម្ពស់​ភាពជាដៃគូអាស៊ាន-អូស្ត្រាលី ជាពិសេសកិច្ចសម្របសម្រួលរបស់ពួកគេ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)