អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីយោងបំណែកព្រះពុទ្ធបដិមាចេញពីរណ្តៅកំណាយមកសិក្សាជួសជុលបន្ត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្តត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

ឯកឧត្តមអគ្គនាយក បដិមា១អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម  ព្រោះគេបានស្គាល់ច្បាស់ថាបំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។ បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេសន្លឹកសីមា១រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕