រដ្ឋសភាវៀតណាមផ្តល់ម៉ាសជាង៣០ពាន់ដល់សភាកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៥ ២០២០៖

រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាសចំនួន១២កេស ស្មើនឹងម៉ាសចំនួន៣០ពាន់ ដល់សភាកម្ពុជា សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋពាក់ការពារការឆ្លងជំងឺកូវីដ១៩។
ពិធីទទួល និងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និង ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ មានការចូលរួមជាសាក្សីពីគណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ផងដែរ។
ឯកឧត្តម ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។ អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។
ឯកឧត្តម មានប្រសាសន៍ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះ គឺជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។
សូមបញ្ជាក់ថា នៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ បានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យជាប្រចំា តាមរយៈលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះ បើមិនមានការចំាបាច់ រក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍៕