អង្គភាពអនុវត្តន៍គម្រោងជាកត្តាជំរុញកិច្ចសហការរវាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ឱ្យអនុវត្តន៍គម្រោងប្រព្រឹត្តទៅដោយរលូន និងមានគុណភាព

AKP ភ្នំពេញ ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ —

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន​ប្រសាសន៍ថា អង្គភាពអនុវត្តន៍គម្រោង គឺជាអ្នកសម្របសម្រួល និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពនេះជាកត្តាជំរុញកិច្ចសហការរវាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេក ទេស ឱ្យអនុវត្តន៍គម្រោងប្រព្រឹត្តទៅដោយរលូន និងមានគុណភាពខ្ពស់ស្របតាមសៀវ ភៅបន្ទុក។

​ ថ្លែង​ក្នុង​ឱកាសនៃ​កិច្ចប្រជុំពិភាក្សាស្ដីអំពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (PMU) ថ្មី និងអង្គភាពអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម​រដ្ឋលេខា​ធិការប្រចាំការ​ បានមាន​ប្រសាសន៍ជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តន៍គម្រោង ខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ប្រកាន់យកគុណភាពរឹងមាំជាចម្បង ជាពិសេសត្រូវចង់ចាំនូវប្រសាស ន៍របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ពោលគឺមិនមែនចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ឡើយ។

បើតាមការផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុង​គោល​បំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តន៍គម្រោង ព្រមទាំងតួនាទីភារកិច្ចរបស់អង្គភាពទាំងពីរ ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅជំរុញការអនុវត្តគម្រោងនេះឱ្យកាន់តែរលូនប្រកបដោយប្រសិទ្ធភាព គុណភាព និងបញ្ចប់គម្រោងស្របតាមកិច្ចសន្យា ដែលបានកំណត់។

កិច្ច​ប្រជុំនោះ​ទទួលបាន​ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងខេត្តតាកែវ មន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តន៍គម្រោងរបស់ក្រសួង៕ ដោយ ទេស ច័ន្ទសុធារី