ព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១០នៅប្រទេសហ្វីលីពីន ត្រូវលុបចោលជាស្ថាពរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍លើកទី១០ ដែលគេហៅថា អាស៊ានប៉ារ៉ាហ្គេម (ASEAN Paragames)នៅប្រទេសហ្វីលីពីន នោះត្រូវបានលុបចោលជាផ្លូវការហើយ។ការលុបចោលព្រឹត្តិការណ៍ពហុកីឡាជនពិការប្រចាំតំបន់ ដែលមានរៀងរាល់២ឆ្នាំម្ដងនេះ ដោយសារតែមេរោគកូវីដ-១៩ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះ បានលើកពេល២ដងរួចមកហើយ ដោយដំបូងឡើយព្រឹត្តិការណ៍គឺគ្រោងធ្វើនៅ១ខែក្រោយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019)  ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ក៏បានលើកទៅខែមីនា និងលើកសារជាថ្មីដោយសារ កូវីដ-១៩ រហូតដល់ខែតុលា រួចឈានទៅដល់លុបចោលនៅពេលនេះផ្ទាល់តែម្ដង។

  គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទ សម្រាប់ការប្រកួតលើកទី១០នេះ ។ ហើយនេះក៏ជាលើកទី២ដែរ  ដែលប្រទេសហ្វីលីពីនទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ។ លើកដំបូងគឺឆ្នាំ២០០៥ ដែលកាលនោះប្រទេសនេះ ក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដូចគ្នា ។ បាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១០ នេះដូចគ្នាទៅនឹងបាវចនារបស់ស៊ីហ្គេម លើកទី៣០ គឺយើងឈ្នះតែមួយ (WE WIN AS ONE) ។

  លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអោយដឹងថា សម្រាប់កម្ពុជាបានប្រកាសដាក់កីឡាចំនួន ៩ប្រភេទ សម្រាប់ការចូលរួមប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីននេះ។លោក អគ្គលេខាធិការ បានបង្ហាញពីជំនឿចិត្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវបានពន្យារពេលគ្មានការកំណត់នេះ កម្ពុជាមានជំនឿចិត្តលើ ៤ប្រភេទកីឡាថា នឹងប្រជែងបានមេដាយ៕