មន្ត្រីជំនាញ ក្រសួងសាធារណការនិងដឹកជញ្ជូន អះអាងថា គោលការណ៍របស់ក្រសួង មិនអនុញ្ញាតឲ្យទោចក្រយានយន្តណាមួយ កែឆ្នៃខុសបច្ចេកទេសនោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៩.០៥.២០២០៖

មន្ត្រីជំនាញ ក្រសួងសាធារណការនិងដឹកជញ្ជូន អះអាងថា គោលការណ៍របស់ក្រសួង មិនអនុញ្ញាតឲ្យទោចក្រយានយន្តណាមួយ កែឆ្នៃខុសបច្ចេកទេសនោះទេ ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ពិសេសសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក សូ ពីសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា អ្នកបើកបរម៉ូតូកង់បី និងរឺម៉កកែច្នៃ និងទោចក្រយានយន្តមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូបត្រូវមានបណ្ណបើកបរ និងដាក់ភ្ជាប់ឯកសារតាមខ្លួនជាដើម បើពុំនោះទេនឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។លោកបានបន្តថា ភាគច្រើននៃបទល្មើសអ្នកបើកបរម៉ូតូកង់បី និងម៉ូតូសណ្តោងរឺម៉កទាំងនោះ មាន ការកែច្នៃខុសបច្ចេកទេស។ ដូច្នេះ ប្រសិនបើមានការផាកពិន័យពីសមត្ថកិច្ចនៅតាមដងផ្លូវ គឺម្ចាស់ទោចក្រយានយន្ត ជាអ្នកទទូលខុសត្រូវ ព្រោះក្រសួងមិនអនុញ្ញាតឲ្យទោចក្រយានយន្តណាមួយ កែឆ្នៃខុសបច្ចេកទេសនោះទេ។
«ប្រសិនជាទោចក្រយានយន្តឬត្រីចក្រយានយន្តមានមានប្រវែងបណ្តោយទទឹងកម្ពស់ត្រឹមត្រូវបទដ្ឋានបច្ចេកទេសកំណត់តាមមាត្រាទី២២នៃអនុក្រឹត១៨០អាចចុះបញ្ជីបាន។លើកលែងតែទោចក្រយានយន្តមានប្រវែង វែងលើសពីកំណត់មិនអាចចុះបញ្ជីបានទេ។ចំពោះម៉ូតូកែច្នៃចំហៀងមានដូចជាលក់ទឹក.មីឆា.យកមកកែច្នៃពីត្រីចក្រយានយន្តឬទោចក្រយានយន្តមានការចែងក្នុងអនុក្រឹត១៨០ ហើយការកែច្នៃទាំងអស់នោះច្បាប់មិនមានការអនុញ្ញាតទេភាគច្រើនការកែច្នៃពួកគាត់យកម៉ូតូគាត់ចុះបញ្ជីរួចហើយគាត់យកមកកែច្នៃបន្ថែមប្រសិនម៉ូតូរបស់គាត់មិនមានប័ណ្ណសំគាល់គាត់យកមកកែច្នៃរួចគាត់យកមកចុះបញ្ជីខាងក្រសួងសាធារណៈការនិងដឹកជញ្ជូនមិនចុះបញ្ជីឲ្យទេ »។
សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ តម្រូវឱ្យម្ចាស់យានជំនិះ រួមមានម៉ូតូ រ៉ឺម៉កកង់បី ម៉ូតូសណ្តោងរ៉ឺម៉ក និងយានជំនិះដែលមានទំហំស៊ីឡាំងលើសពី១២៥សេសេឡើងទៅត្រូវមានឯកសារ ឬបណ្ណបើកបរ និងឯកសារពាក់ព័ន្ធដាក់តាមខ្លួនដើម្បីបញ្ជាក់ពីសិទ្ធិទទួលបានការបើកបរស្របច្បាប់៕