រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីបណ្ណាល័យ អេឡិចត្រូនិក

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ ឧសភា ២០២០៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រកាសចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីបណ្ណាល័យ អេឡិចត្រូនិក Electronic ( KUMNIT ) ព្រោះថាបណ្ណាល័យ ឡិចត្រូនិចនេះ នឹងផ្តល់ភាពងាយស្រួលទៅដល់សិស្ស និស្សិត យុវជន និងសាធារណ:ជន ក៏ដូចជាសហគ្រិនទូទៅ អាច សិក្សា ស្រាវជ្រាវ បានគ្រប់ទីកន្លែង ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានចូលរួមគាំទ្រយ៉ាងពេញទំហឹង នឹងសន្យាចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីបណ្ណាល័យ អេឡិកត្រូនិកមួយនេះ ។ក្នុងឱកាសអនុញ្ញាតអោយ លោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOBAL និងជាស្ថាបនិករបស់ បណ្ណាល័យ Electronic ( KUMNIT ) ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ នាក្រសួងព័ត៌មាន ឯកឧត្តម ក៏បានកោតសរសើរពោះការខិតខំប្រឹងប្រែងរបស់ក្រុមស្ថាបនិក បណ្ណាល័យ Electronic ( KUMNIT ) ដែលបានរួមគ្នាបង្កើតតឡើងនូវបណ្ណាល័យនេះ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង រឺជាកន្លែងប្រមូលផ្តុំទៅដោយ កម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយស្រួលទៅដល់សិស្ស និស្សិត យុវជន និងសាធារណ:ជន ក៏ដូចជាសហគ្រិនទូទៅ អាច សិក្សា ស្រាវជ្រាវ រៀនសូត្រ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ តាមរយ: Smart phone ដែលស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យានេះតែម្តង ។ លើសពីនេះទៅទៀត គឺចូលរួមលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំណូលមួយផ្នែកកទៀត តាមរយ:ការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុងបណ្ណាល័យមួយនេះ ហើយនឹងធ្វើការផ្សព្វផ្សាយ ដើម្បីអោយពួកគាត់មានភាពល្បីល្បាយទាំងនៅក្នុងស្រុក និងសាកលលោកផងដែរ ។
ឯកឧត្តមបានបន្តទៀតថា នឹងផ្តល់សៀវភៅដែលល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួង ដើម្បីដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះផងដែរ ។ ឯកឧត្តម ជឿជាក់ថា បណ្ណាល័យ អេឡិកត្រូនិកមួយនេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន នឹងអាចក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយសំរាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យអប់រំ និងសង្គមជាតិ អោយកាន់តែមានភាពល្អប្រសើរឡើងថែមមួយកំរិតទៀតជាក់ជាពុំខាន ។
ជាមួយគ្នានេះដែរ ឯកឧត្តម រំពឹងទុក ថា បណ្ណាល័យថ្មីមួយ នេះនឹងទទួលបាននូវការ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិ គ្រប់មជ្ឈដ្ឋាន និង លើសកលលោក ជាពិសេស សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូទៅផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើ អោយមានការជ្រើសរើសបុគ្គលិកជាជនពិការ ចូលធ្វើកិច្ចការងារ ជាអ្នកវាយអត្ថបទពីសៀវភៅនានា ដែលមានការអនុញ្ញាត្តពីម្ចាស់ដើម ដើម្បីដាក់បញ្ជូលទៅក្នុងប្រពន្ធ័អេឡិចត្រូនិក។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តល់ថវិកាចំនួន ២លានរៀល សម្រាប់ដំណើរការងាររបស់បណ្ណាសារ អេឡិកត្រូនិក៕