រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកការបង្រៀនពីប្រវត្តិសាស្រ្តនានារបស់លោក បណ្ឌិត អង់រី ឡូកាត់ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដល់និស្សិតកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ ឧសភា ២០២០៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកការបង្រៀនពីប្រវត្តិសាស្រ្តនានារបស់លោក បណ្ឌិត អង់រី ឡូកាត់ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដល់និស្សិតកម្ពុជាអោយយល់ច្បាប់ពីប្រវត្តិសាស្រ្ត ជាពិសេសប្រវត្តិសាស្រ្តនៅកម្ពុជា។
ក្នុងឱកាសអនុញ្ញាតអោយ លោក បណ្ឌិត អង់រី ឡូកាត់ ( Henri LOCARD ) សាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យា បង្រៀនជាភាសាបារាំង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអរគុណចំពោះលោក បណ្ឌិត អង់រី ឡូកាត់ ដែលបាន មកបង្រៀនពីប្រវត្តិសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា អោយនិស្សិតបានដឹងយល់ច្បាស់ ពីប្រវត្តិសាស្រ្ត និងប្រវត្តិវិទ្យាជាច្រើន ហើយបានសរសេរជាសៀវភៅទុក ជាផលប្រយោជន៍ សម្រាប់សិក្សាស្រាវជ្រាវរៀនសូត្រ របស់និស្សិតកម្ពុជាជំនាន់ក្រោយៗបន្តទៀតផងដែរ។
លោក បណ្ឌិត អង់រី ឡូកាត់ បានមានប្រសាសន៍ថា ក្រៅពីការបង្រៀននិស្សិត លោកក៏បានសរសេរសៀវភៅ ដែលរំលេចពីរឿង របស់លោកអាចារ្យ ហែម ជីវ ដែលជាវីរបុរសមួយរូបរបស់ខ្មែរ ដែល ឥឡូវ គេស្ទើរភ្លេចបាត់ទៅហើយ ។ លោក បណ្ឌិត បានបន្ដថា គោលបំណងរបស់លោក គឺចង់អោយកម្ពុជា ដាក់ឈ្មោះផ្លូវណាមួយ ក្នុងក្រុងភ្នំពេញ មានឈ្មោះ អាចារ្យ ហែម ជីវ ។ ជាមួយគ្នានោះដែរ លោក បណ្ឌិត អង់រី ឡូកាត់ បានបញ្ជាក់ថា ក្រៅពីសរសេរសៀវភៅមួយនេះ លោក ក៏បានស្រាវជ្រាវពីប្រវត្តិសាស្រ្តនានាជាច្រើនទាក់ទង នឹងប្រទសកម្ពុជា តាំងពីសម័យ មុនៗមក ហើយលោកក៏បានរៀបចំចងក្រង ប្រវត្តិសាស្រ្តទាំងអស់នោះផងដែរ៕