អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ចាប់ផ្ដើមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្រ្ដី ដើម្បីឆ្លើយ​តបមេរោគអេដស៍ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​បានចាប់ផ្ដើមរៀបចំវគ្គបណ្តុះបណ្តាល​បន្តស្តីអំពីការ​ដាក់​បញ្ចូលការឆ្លើយតបមេរោគអេដស៍ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដល់​មន្រ្ដី ដើម្បី​ចូលរួមលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតប និងការជួយគាំទ្រដល់ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាល កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម​ ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា គោលបំណង នៃវគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងអេដស៍នេះ​ គឺដើម្បីបណ្តុះបណ្តាល បន្ត ជូនក្រុមប្រឹក្សាឃុំ សង្កាត់ស្តីពីការចូលរួមចំណែករបស់ពួកគេ​ចំពោះការឆ្លើយតប​នឹង​ការប្រយុទ្ធនឹងជំងឺអេដស៍។

ឯកឧត្ដមបានបន្ដថា ក្រុមប្រឹក្សាឃុំ សង្កាត់អាចជួយគាំទ្រ និង​ផ្តល់ការឆ្លើយតបចំពោះកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈការបញ្រ្ជាបតម្រូវការរបស់ អ្នករស់នៅជាមួយមេរោគអេដស៍(PLHIV)ដែលងាយរងគ្រោះ ឬសមាជិកគ្រួសាររបស់​ពួកគេ​ទៅក្នុងសកម្មភាពឃុំ សង្កាត់ផ្សេងៗ ដោយដោះស្រាយតម្រូវការរបស់បុគ្គល ឬគ្រួសារ រួម​ទាំងអ្នកដែលមានជំងឺរ៉ាំរ៉ៃ(ជំងឺអេដស៍ត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ)។

ជាមួយគ្នានេះ វគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងជួយបង្កើននូវ​កិច្ចសហប្រតិបត្តិការ​ជាមួយដៃគូក្នុងប្រទេស អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល មណ្ឌលសុខភាព មូលនិធិសមធម៌សហគមន៍ ក្រុមជួយគ្នាទៅវិញទៅមក “សមាគមមរណសង្គ្រោះ”​ដែល​មានសកម្មភាពក្នុងការជួយដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះនៅក្នុងឃុំ សង្កាត់ របស់ ពួកគេ៕ ដោយ៖ឡុង ស៊ីវ៉ាន់