ប្រធានមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា វិថីបុប្ផាលាក់ខ្លួន ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា : ហាន់ ស្រីណា. ១៩ .០៥. ២០៖

ប្រធានមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា វិថីបុប្ផាលាក់ខ្លួន ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ជាពិសេសរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមួយនេះ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា អោយដឹងថា ផ្លូវជាតិលេខ៥៥ នេះ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជាបានដាក់ឈ្មោះឱ្យថា ផ្លូវបុប្ផាលាក់ខ្លួន ជាវិថីដែលលក្ខណះពិសេសខុសប្លែកពីដងវីថីផ្សេងៗដោយដងផ្លូវនេះមានរាងក្រវេចក្រវៀនឡើងចុះៗហើយកំបាំងដោយធម្មជាតិព្រៃភ្នំបៃតងស្រល់ក្រាស់ក្រាលជាច្រើនដែលឆក់បេះដូងអ្នកទេសចរគ្រប់ជាតិសាសន៍ឲ្យចង់ដឹងចង់ស្គាល់នូវសមិទ្ធផលថ្មីនេះ ។
លោកបានបន្តថា ផ្លូវមួយខ្សែនេះមិនត្រឹមតែមានឥទ្ធិលសម្រាប់ វិស័យទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែផ្លូវមួយខ្សែនេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ជាពិសេសបានជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្មវិនិយោគ ដំណាំកសិផល កសិឧស្សាហកម្ម យ៉ាងឆាប់រហ័សនិងចំណាយពេលតិច ជាងនេះទៅទៀតបានពន្លឿនការដោះដូរទំនិញផ្សេងៗ រវាងកម្ពុជា-ថៃ ឲ្យកាន់តែមានភាពប្រសើឡើងថែមមួយកម្រិតទៀត។
»ពេលដែលមានផ្លូវនេះកើតឡើងឃើញថាប្រជាពលរដ្ឋគាត់អាស្រ័យផងនៅតាមដងផ្លូវនេះអានិង១និងទី ២ប្រជាពលរដ្ឋទេសចរមិនត្រឹមតែខេត្តពោធិ៍សាត់ទេគឺទូទាំងប្រទេសគាត់ចង់ដឹងចង់ឃើញដោយវាប្លែកអាផ្លូវអន្ទង់អាំងនេះ អញ្ចឹងយើងឃើញហើយក្នុងប្រទេសកម្ពុជាយើងឃើញថាមានតែខេត្តពោធិ៍សាត់ទេដែលមានផ្លូវអន្ទង់អាំងនេះគឺវាក្រវេចក្រវៀនតែមានភាពងាយស្រួលដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវអាស្រ័យផលនិងប្រកបមុខរបរប្រចាំថ្ងៃ ទី ២ ការទំនាក់ទំនងរវាងខេត្តពោធិ៍សាត់និងខេត្តត្រាតក្នុងការដោះដូរទំនិញប្រចាំថ្ងៃ»។

គួរបញ្ជាក់ថា វិថីបុប្ផាលាក់ខ្លួន ចំណាយថវិកាស្ថាបនាចំនួន ១៣,២៨០លានដុល្លារសហរដ្ឋអាមេរិក ហើយមានប្រវែងសរុបជាង១៨២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ៕