រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មនៅខេត្តឧត្តរមានជ័យគ្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០៥ ២០២០៖

រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យគ្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា។
រដ្ឋបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា មកដល់ពេលគម្រោងសាងសង់រោងចក្រធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី សម្រេចបាន៦០ភាគរយហើយ ដោយក្រុមការងារជំនាញកំពុងពន្លឿនការ សាងសង់អោយហើយនៅពេលឆាប់ៗនេះ ខណៈរោងចក្រនេះនៅពេលដែលសាងសង់រួចរាល់ វាអាចផ្តល់ថាមពលអគ្គិសនីក្នុងខេត្តឧត្តរមានជ័យនិងសៀមរាប ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចំពោះវិស័យអគ្គិសនីនិងថាមពល ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអគ្គិសនីធ្វើការកែច្នៃដើរដោយធ្យូងថ្មមានកម្លាំង២៦៥មេហ្គាវ៉ាត់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម បានបញ្ជាក់ថា រោងចក្រអគ្គិសនី ដែលប្រើរ៉ែធ្យូងថ្មមានថាមពល ២៦៥ គីឡូវ៉ាត់ អាចបម្រើដល់ ស្រុកចំនួនពីរគឺស្រុកត្រពាំងប្រសាទនិងស្រុកអន្លង់វែង ។
សំឡេង« សក្តានុពលនេះអត្ថប្រយោជន៍យើងបានជួយខេត្តឧត្តរមានជ័យបានជួយអន្លង់វែង ហើយនិងស្រុកត្រពាំងប្រាសាទ យើងឲ្យដឹងថាពីទីរួមខេត្តឧត្តរមានជ័យទៅស្រុកទាំងពីរនោះ ចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រ ទៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ។ សក្តានុពលយើងមានបីស្រុកនៅក្រុងមួយស្រុកពីរនេះនៅជុំ បន្ទាយអំពិល ចុងកាល សំរោងនិងទីរួមខេត្ត ពីសំរោងទៅអន្លង់វែងដល់ត្រពាំងប្រាសាទប្រហែល១២០ គីឡូម៉ែត្រ អញ្ចឹងយើងត្រូវយល់ពីស្ថានភាព អញ្ចឹងអគ្គិសនីនេះយើងផ្គត់ផ្គង់ទៅសៀមរាបវាជិតជាង ហើយកន្លងមកសៀមរាបកាលមិនទាន់មានកូវីដសៀមរាបខ្វះភ្លើង សក្តានុពលរាជរដ្ឋាភិបាលអាចថាសង់រួចរាល់២០២១ » ។
សូមបញ្ជាក់ថា ចំពោះរ៉ែធ្យូងថ្មដែលធ្វើការកែច្នៃនោះមានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ ដែលអាចបម្រើដល់ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប ៕