ប្រាសាទនៅចំកណ្តាលស្រះស្រង់នឹងចេញរូបរាងពិតប្រាកដនៅចុងឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០៖

មន្រ្តីអាជ្ញាធរអប្សារាបានឲ្យដឹងថា ប្រាសាទនៅចំកណ្តាលស្រះស្រង់ដែលបានកប់លិចនៅក្នុងទឹកជាច្រើនរយឆ្នាំមកនោះនឹងចេញរូបរាងពិតប្រាកដនៅចុងឆ្នាំ២០២០នេះ ដើម្បីអោយប្រជាពលរដ្ឋ ទាំងអស់បានស្គាល់ នឹងយល់ដឹងអំពីតម្លៃនៃវប្បធម៌របស់ប្រទេសកម្ពុជា ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក ឡុង កុសល អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានអោយដឹងថា អាជ្ញាធរអប្សរាបានសហការជាមួយក្រសួងពាក់ព័ន្ធ រួមទាំងផ្នែកបុរាណវិទ្យា កំពុងមមាញឹកសាងសង់ប្រាសាទនៅចំកណ្តាលស្រះស្រង់អោយចេញជារូបរាងនៅចុងឆ្នាំ២០២០នេះ ដើម្បីអោយប្រជាពលរដ្ឋទូទាំងប្រទេសបានឃើញអំពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសយើងជំនាន់ដើមដែលលោកបានសាងសង់ឡើង សម្រាប់ទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ ។
លោកបានបន្តថា តាមការសន្និដ្ឋានជាបឋម តាមរយៈការពិនិត្យមើលថ្ម និងទ្រង់ទ្រាយ ប្រាសាទពេលបច្ចុប្បន្ននេះ អាជ្ញាធរ អ្នកជំនាញយល់ឃើញថា ប្រាសាទនៅកណ្ដាលស្រះស្រង់នេះមានទម្រង់ជាផ្កាឈូក ។
« ក្នុងពេលបច្ចុប្បន្ន ក្រុមការងារកំពុងតែ បន្តកំណាយស្វែងយល់អំពីគ្រឹះនៅកន្លែងនោះ ហើយរៀបចំធ្វើការផ្គុំសាកល្បងឡើងវិញនៅ ប្រាសាទកណ្ដាលស្រះស្រង់នោះ ។ ដោយឡែកអ្វីគឺជាសម្រាកសំខាន់ ក្នុងការ តែចាំបាច់ ជួសជុលប្រាសាទ ឡើងវិញនេះគឺ ដើម្បីរំលេចចេញនូវទេសភាពវប្បធម៌ជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលលោកបានកសាង នាសតវត្សទី១២ ហើយស្នាដៃនោះ ទេសភាពនោះបានបាត់បង់ជាច្រើនរយសតវត្ស ដោយសារកត្តាសង្គ្រាម ការធ្វើឲ្យបាត់បង់ទេសភាពនៅលើប្រាសាទដែលធ្វើអោយបាត់បង់ បាក់បែក ខូចខាត » ។
លោកបានបន្ថែមថា ការជួសជុលឡើងវិញនេះគឺដើម្បី រំលឹកដល់ស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ និងចង់បង្ហាញអោយប្រជាពលរដ្ឋនៅកម្ពុជា ក៏ដូចជាពិភពទាំងមូលបានស្គាល់ច្បាស់អំពីទិដ្ឋភាព ទេសភាពវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបាត់បង់ឲ្យមានការរស់រានឡើងវិញ ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានប្រទះឃើញចម្លាក់អណ្តើកចំនួន២ និង បានឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍ ។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាបថសំណង់ឈើនៅលើខឿនប្រាសាទផងដែរ ៕