ផ្លូវល្បឿងលឿន ភ្នំពេញ-ព្រះសីហនុ ស្ថាបនាសម្រេចបាន២០ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ៖

ផ្លូវល្បឿងលឿន ភ្នំពេញ-ព្រះសីហនុ ស្ថាបនាសម្រេចបាន២០ភាគរយហើយ គិតត្រឹមខែមេសា ឆ្នាំ២០២០ ដើម្បីធានាសុវត្ថិភាព និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
យោងតាម Facebook ផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការស្ថាបនាផ្លូវល្បឿងលឿន(Expressway) ភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបាន២០ភាគរយហើយ និង ដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤%ផងដែរ ។
ប្រភពដដែល បានបង្ហាញថា ផ្លូវល្បឿងលឿននេះ មានគន្លងផ្លូវ២ទៅ ២មក ព្រមទាំងមានសួនច្បារនៅចំកណ្តាល និងមានរបងដែកសងខាងផ្លូវដើម្បីកុំឲ្យសត្វឆ្លងកាត់ និងមានផ្លូវសំរាប់បើកបរក្នុងល្បឿនចាប់ពី៨០ គីឡូម៉្រែតក្នុងមួយម៉ោង និង ចាប់ពី១២០ គីឡូម៉្រែតក្នុងមួយម៉ោង ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក ៕