សភាជាតិអ៊ីរ៉ង់អនុម័តច្បាប់ដែលអនុញ្ញាតិឱ្យ បង្កើតស្ថានទូតនិម្មិតនៅទីក្រុងហ៊្សេរុយសាឡិម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ Mehr បានរាយការណ៍ថា សភាជាតិអ៊ីរ៉ង់បានអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតឱ្យបង្កើតស្ថានទូតនិម្មិតនៅក្រុងហ៊្សេរុយសាឡិម ដែលជាផ្នែកមួយនៃវិធានការណ៍​ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារព័ត៌មាន Mehr នេះបានឱ្យដឹងថា រដ្ឋសភាបានអនុម័តទៅលើចលនាដែលមានគោលបំណងប្រឆាំងនឹង​ការឈ្លានពានរបស់អ៊ីស្រាអែល ដែលបានអះអាងប្រឆាំងនឹងប៉ាឡេស្ទីន និងបណ្តាប្រទេសមូស្លីមដទៃទៀតនៅក្នុងតំបន់ ដែលបាន​ដាក់ចេញដោយគណៈកម្មាធិការសន្តិសុខ និងគោលនយោបាយជាតិនៃរដ្ឋសភា។

ទីភ្នាក់ងារនេះបានរាយការណ៍ថា ក្នុងចំណោមសំណើដែលសភាបានចុះហត្ថលេខា គឺមានសំណើនៃការបង្កើតស្ថានទូតនិម្មិត​មួយនៅអាជ្ញាធរប៉ាឡេស្ទីនដែលនឹងមានមូលដ្ឋាននៅទីក្រុហ៊្សេរុយសាឡិម។

ទីភ្នាក់ងារសារព័ត៌មាននេះបានរាយការណ៍ថា អ៊ីរ៉ង់ក៏នឹងផ្តល់នូវការគាំទ្រកាន់តែច្រើនដល់ប្រជាជនប៉ាឡេស្ទីនដែរ ដែលហាម​ប្រាមអ្នកដែលជាប់ទាក់ទងជាមួយបណ្តាក្រុមហ៊ុន ក្រុមមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលរបស់អ៊ីស្រាអែល មិនឱ្យចូលរួមក្នុងពិធី​តាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងហាមឃាត់ការប្រើប្រាស់ Software របស់អ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាននេះបានដកស្រង់សម្តីដែលបាននិយាយថា ជនជាតិអ៊ីរ៉ង់ទាំងអស់ក៏នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើ​ដំណើរទៅកាន់ «ទឹកដីដែលកាន់កាប់ដោយប៉ាឡេស្ទីន» ផងដែរ។

ចលនានេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅកាន់​ប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ លោក Pompeo បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu និងលោក Benny Gantz ឧបនាយករដ្ឋមន្រ្តី ដើម្បីពិភាក្សាអំពីឥរិយាបទអស្ថិរភាពរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)