លោក ពូទីន និងលោក អ៊ែរដូហ្គែន ពិភាក្សាគ្នាអំពីការឆ្លើយតបនឹងមេរោគកូរ៉ូណាវីរុស និងស្ថានភាពរបស់ប្រទេសស៊ីរី និងប្រទេសលីប៊ី 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ទាំងវិមានក្រឹមឡាំង និងការិយាល័យប្រធានាធិបតីតួកគីបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីតួកគីរបស់លោក គឺលោក Recep Tayyip Erdogan បានពិភាក្សាគ្នាអំពីកិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស និងស្ថានភាពនៅក្នុងប្រទេសស៊ីរី។

ការិយាល័យរបស់លោកប្រធានាធិបតី អ៊ែរដូហ្គែន បាននិយាយថា «ប្រធានាធិបតីរបស់យើងបានជួបពិភាក្សាតាមទូរស័ព្ទ​ជាមួយ​លោក វ្ល៉ាឌីមៀរ ពូទីន។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងមេរោគឆ្លងកូរ៉ូណាវីរុស ក៏ដូចជា​ជំហានបន្ទាប់ទៀតក្រោយពីការរាតត្បាតនេះ។ ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីក៏ត្រូវបានពិភាក្សាផងដែរនៅពេលនោះ»។

មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

វិមានក្រឹមឡាំងបានកត់សម្គាល់ថា «សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៃបណ្តាទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេស​ទាំងពីរទៅលើវិធីសាស្រ្តព្យាបាល និងការអភិវឌ្ឍវ៉ាក់សាំងជាច្រើនត្រូវបានសង្កត់ធ្ងន់»។

លោក ពូទីន បានថ្លែងអំណរគុណដល់លោក អ៊ែរដូហ្គែន ដែលបានជួយក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនរុស្ស៊ី និងសម្រាប់​ជំនួយដល់តំបន់ជាច្រើនរបស់រុស្ស៊ី។

វិមានក្រឹមឡាំងបាននិយាយថា «ប្រធានាធិបតីរុស្ស៊ី និងតួកគី បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប៉ះទង្គិចគ្នា​នៅក្នុងប្រទេសលីប៊ី»។

លោក ពូទីន និងលោក អ៊ែរដូហ្គែន បានពិភាក្សាអំពីប្រទេសស៊ីរីផងដែរ នឹងបានបង្ហាញនូវការត្រៀមខ្លួនទាំងសងខាងដើម្បីជំរុញ​កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងអំពីខេត្តអ៊ីដលីប។

ប្រធានាធិបតីរុស្ស៊ី និងតួកគី បានគ្រប់គ្រងទៅលើកិច្ចចរចាអំពីបទឈប់បាញ់គ្នាមួយនៅស៊ីរីកាលពីដើមឆ្នាំនេះ ដោយបង្កើត​ការល្បាតរួមគ្នានៅជិតខេត្តអ៊ីដលីប ដែលជាបន្ទាយចុងក្រោយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)