មនុស្ស ៧នាក់ស្លាប់ និងជាង ៤០នាក់រងរបួសនៅក្នុងការវាយប្រហាររថយន្តបំផ្ទុះគ្រាប់បែក នៅប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — សារព័ត៌មាន Tolo បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីសុខភិបាលថា យ៉ាងហោច ណាស់មានមនុស្ស ៧នាក់បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសដោយសាររថយន្តបំផ្ទុះគ្រាប់បែកដោយជនបំផ្ទុះគ្រាប់បែក​អត្តឃាតម្នាក់នៅក្បែរអគារ នៃអង្គភាពពិសេសនៃអគ្គនាយកដ្ឋានសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) នៅខេត្ត Ghazni ភាគខាង​កើត។

យោងតាមសារព័ត៌មាន Tolo បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅពេលព្រឹកព្រលឹមថ្ងៃចន្ទ ហើយភាគច្រើននៃ​ជនរងគ្រោះ គឺជាបុគ្គលិករបស់ NDS។ក្រសួងមហាផ្ទៃនៃប្រទេសអាហ្វហ្គានីស្ថានបានបញ្ជាក់អំពីការផ្ទុះនៅខេត្ត Ghazni នេះ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

ក្រសួងនេះបាននិយាយដោយត្រូវបានដកស្រង់សម្តីដោយអ្នករាយការណ៍ថា «ជាអកុសល ភេរវករ បានធ្វើការវាយប្រហារសារជា​ថ្មីម្តងទៀតមជ្ឈមណ្ឌលសាសនានៅខេត្ត Ghazni»។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នៅក្នុងពេលនោះ គ្មានក្រុមណាមួយ រួមទាំងចលនារ៉ាឌីកាល់តាលីបង់ បានអះអាងទទួលខុស​ត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

ការវាយប្រហារនេះបានកើតឡើងជាផ្នែកមួយនៃវដ្ត នៃអំពើហិង្សាដែលកំពុងកើនឡើងរវាងរដ្ឋាភិបាល កាប៊ុល និងក្រុមប្រដាប់​អាវុធដែលដឹកនាំដោយតាលីបង់។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានបញ្ជាឱ្យកងទ័ពរបស់លោកបន្តការវាយលុក បន្ទាប់ពីមានការវាយ​ប្រហារពីរលើកកាលពីដើមខែឧសភានេះ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅឯមន្ទីរសម្ភពមួយក្នុងទីក្រុងកាប៊ុល និងពិធី​បុណ្យសពនៅខេត្ត Nangarhar ក្នុងចំណោមការវាយប្រហារផ្សេងទៀត។

រដ្ឋាភិបាល និងពួកតាលីបង់ កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងពួកសកម្ម​ប្រយុទ្ធ ដែលព្យាយាមបញ្ចប់សង្រ្គាមជិត ២ទសវត្សមកនេះនៅក្នុងប្រទេស ននឹងជួយសម្រួលដល់ការដកកងទ័ពរបស់សហរដ្ឋអាមេរិក​ចេញពីប្រទេសនេះ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)