ការផ្គត់ផ្គង់បំពង់ខ្យល់សួតរបស់សហរដ្ឋអាមេរិកដល់ប្រទេសរុស្ស៊ីកំពុងដំណើរការ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់នៅក្នុងការ​បង្រៀន​តាមប្រព័ន្ធអ៊ិនធឺណេតសម្រាប់និស្សិត នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃទីក្រុងមូស្គូថា បញ្ហានៃការបញ្ជូនម៉ាស៊ីនបំពង់ខ្យល់សួតរបស់​សហរដ្ឋអាមេរិកមកកាន់ប្រទេសរុស្ស៊ីកំពុងត្រូវបានពិចារណានៅពេលនេះ។

លោក Ryabkov បាននិយាយថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នៅពេលដែល​សហរដ្ឋអាមេរិកបានបង្កើតផលិតកម្មបំពង់ខ្យល់សួត ពួកគេនឹងត្រៀមខ្លួនចែករំលែកជាមួយយើង។ យើងបានសម្តែងការដឹងគុណចំពោះ​លទ្ធភាពនេះ ហើយបញ្ហានេះកំពុងត្រូវបានពិចារណានៅពេលនេះ។ យើងជឿជាក់ថា ជំនួយទៅវិញទៅមកនេះ គឺជារឿងធម្មតាទេ»។

កាលពីក្នុងខែមេសា ប្រទេសរុស្ស៊ីបានបញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្តទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃជំនួយក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ លោក ត្រាំ បានពណ៌នាការផ្តល់ជំនួយនេះថា ជាកាយវិការសុច្ឆន្ទៈរបស់​រុស្ស៊ី។ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីអាចទទួលយកការផ្តល់ជូនរបស់សហរដ្ឋអាមេរិក​ចំពោះការផ្តល់ម៉ាស៊ីនបំពង់ខ្យល់សួតនេះ ប្រសិនបើចាំបាច់៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)