គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៥នាក់ និងរបួស ១១នាក់ កាលពីថ្ងៃទី១៨ ខែឧសភា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ ឧសភា ២០២០៖

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា បានសម្លាប់មនុស្ស ៥នាក់ និងរបួស ១១នាក់។ 

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់  របួសធ្ងន់ ៧នាក់ របួសស្រាល ៤នាក់  មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្នា និងបត់មិនប្រយ័ត្ន។

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕