កូរ៉េខាងត្បូងពន្យារពេលនៃការធ្វើសមយុទ្ធសមុទ្ររួម បន្ទាប់ពីមានការតវ៉ារបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបាន​សម្រេចផ្អាកការធ្វើសមយុទ្ធសមុទ្រដ៏ធំមួយដែលគ្រោងធ្វើនៅដើមសប្តាហ៍នេះ ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផល នឹងបានច្រានចោលចំពោះការចោទប្រកាន់ថា ការសម្រេចនេះ គឺមានគោលបំណងដើម្បីចៀសវាងកុំឱ្យប្រទេសកូរ៉េខាងជើងខឹង​សម្បារ។

កងទ័ពជើងគោក កងទ័ពអាកាស និងកងទ័ពជើងទឹកបានគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃទីក្រុង Uljin នៅថ្ងៃអង្គារនេះ ដែលពាក់ព័ន្ធនឹងគ្រឿងសព្វាវុធសំខាន់ៗដូចជា គ្រាប់     មីស៊ីលផ្លោង នាវាប្រយុទ្ធ និងយន្តហោះចម្បាំងជាដើម។

ប៉ុន្តែយោធាបានសម្រេចចិត្តបញ្ឈប់សមយុទ្ធនេះ ដោយធ្វើឱ្យមន្រ្តីជំនាញមានការព្រួយបារម្ភហួសហេតុអំពីការតវ៉ាដែលអាចកើតមានពីកូរ៉េខាងជើង ខណៈដែលការសម្រេចនេះបានកើតឡើងបន្ទាប់ពីយោធាកូរ៉េខាងជើងបានប្រតិកម្មយ៉ាងខ្លាំងចំពោះសមយុទ្ធរួម​គ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសនៅសមុទ្រលឿងកាលពីដើមខែនេះ។

អ្នកនាំពាក្យក្រសួងនេះ លោក Choi Hyun-soo បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃចន្ទថា «យើងធ្វើសម​យុទ្ធចម្រុះពេញមួយឆ្នាំ ដើម្បីបង្កើនកម្លាំងរួមគ្នានៃយោធារបស់យើង។ ប៉ុន្តែពេលនេះ យើងបានសម្រេចចិត្តពន្យារពេលសមយុទ្ធដែល​បានគ្រោងទុកនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ»។

លោក Choi បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍នូវកត្តាផ្សេងៗដែលជះឥទ្ធិពលដល់សេចក្តីសម្រេច​របស់យើងនេះ ដែលធ្វើឱ្យខូចនីតិវិធីក្នុងការធ្វើសេចក្តីសម្រេចជាធម្មតារបស់យើង» លោកបានអំពាវនាវឱ្យសារព័ត៌មាន​កុំផ្សព្វផ្សាយធ្វើ​ឱ្យមានការភ័យខ្លាចដល់សន្តិសុខដែលមិនចាំបាច់ នឹងបញ្ឈប់ការធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈលើវិស័យយោធា។

បន្ទាប់ពីសមយុទ្ធរួមគ្នាកាលពីដើមខែនេះ ក្រសួងកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងបានចេញ      សេចក្តីថ្លែងការណ៍មួយដោយ​អះអាងថា វាជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលមិនអាចមើលរំលងបាន ហើយស្ថានភាពនេះទាមទារឱ្យមានប្រតិកម្មចាំបាច់ពីយើង។

បន្ទាប់ពីការរិះគន់នេះមក កាសែតក្នុងស្រុក Chosun Ilbo បានរាយការណ៍ថា ការិយាល័យប្រធានាធិបតី Cheong Wa Dae បានស្តីបន្ទោសដល់មន្ត្រីយោធាជុំវិញការលាតត្រដាងអំពីសមយុទ្ធនេះ ដែលជាការអះអាងរបស់អាជ្ញាធរភ្លាមៗ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)