លោក ស៊ី ជីនពីង៖ ប្រទេសចិនតែងតែមានតម្លាភាពជានិច្ចអំពីជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនតែងតែមាន តម្លាភាព ការទទួលខុសត្រូវ និងការឆ្លើយតបនៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះមេរោគឆ្លងកូរ៉ូណាវីរុស និងការចែករំលែកព័ត៌មាន​ជាមួយបណ្តាប្រទេសដទៃទៀត។

លោក ស៊ី បាននិយាយនៅឯកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកថា «នៅក្នុងប្រទេសចិន បន្ទាប់ពីបានខិតខំប្រឹងប្រែង​យ៉ាងស្វាហាប់ និងលះបង់យ៉ាងសម្បើមមក យើងបានទប់ទល់និងវីរុសនេះ នឹងបានការពារអាយុជីវិត និងសុខភាពប្រជាជនរបស់​យើង»។ លោកបាននិយាយបន្ថែមថា ប្រទេសចិនបានចែករំលែកព័ត៌មានអំពីវីរុសនេះជាមួយសហគមន៍ក្នុងពិភពលោកក្នុងលក្ខណៈ​ទាន់ពេលវេលា។

លោក ស៊ី បាននិយាយថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានសម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នេះ គឺជាការងារដ៏បន្ទាន់បំផុត។ យើងត្រូវតែគិតគូរដល់ប្រជាជនជានិច្ច»។

លោក ស៊ី បាននិយាយថា «យើងក៏ត្រូវបន្តការគាំទ្រដល់ការស្រាវជ្រាវសកលលោកដោយអ្នកវិទ្យាសាស្ត្រទៅលើប្រភព និងវិធាននៃការចម្លងវីរុសនេះផងដែរ»។

លោកបានស្នើឱ្យអង្គការសុខភាពពិភពលោកដឹកនាំការឆ្លើយតបជាសកល នឹងបានកោតសរសើរចំពោះ «ការចូលរួមចំណែកដ៏​សំខាន់របស់ខ្លួនក្នុងការដឹកនាំ នឹងជំរុញការឆ្លើយតបជាសកលចំពោះជំងឺកូវីដ-១៩» ។

លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា ទីក្រុងប៉េកាំងនឹងផ្តល់ថវិកាចំនួន ២ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំ​នេះ ដើម្បីជួយដល់ការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់បណ្តាប្រទេសដែលរងផលប៉ះពាល់។

លោក ស៊ី បាននិយាយបន្ថែមថា «ដើម្បីជាប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងជំងឺកូវីដ-១៩ ខ្ញុំសូមប្រកាសថា ចិននឹងផ្តល់ថវិកាចំនួន ២ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ២ឆ្នាំ ដើម្បីជួយក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ហើយជាមួយនឹងការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅ​ក្នុងប្រទេសដែលរងផលប៉ះពាល់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ»៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)