បណ្តាមន្ត្រីជាន់ខ្ពស់អាស៊ានប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) នៅថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសត្រូវបានធ្វើឡើង​នៅថ្ងៃទី១៨ខែឧសភា ក្នុងទម្រង់ជាកិច្ចប្រជុំតាមវីដេអូប្រព័ន្ធអ៊ីនធឺណេត ដោយមានការចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងការបរទេស​វៀតណាម លោក Nguyen Quoc Dung ជាប្រធាន SOM អាស៊ាន ប្រចាំប្រទេសវៀតណាម។

លោក Dung បានរាយការណ៍សង្ខេបអំពីកិច្ចប្រជុំស្តីពីការអនុវត្តលទ្ធផលពីកិច្ចប្រជុំកំពូលអាស៊ាន ពិសេស និងកិច្ចប្រជុំកំពូល​អាស៊ានពិសេសបូក ៣ ស្តីពីជំងឺកូវីដ-១៩ (ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ។

លោកបានស្នើឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើការអនុវត្តនូវចំណុចធំៗចំនួន ៤ ដែលបានឯកភាពគ្នា ដោយក្នុងនោះរួមមាន ការបង្កើតមូលនិធិឆ្លើយតបអាស៊ានសម្រាប់ជំងឺកូវីដ-១៩ និងឃ្លាំងស្តុកក្នុងតំបន់នៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ ការអភិវឌ្ឍនីតិវិធីស្តង់ដារ​ឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់ និងការដាក់ប្រកាសបន្ទាប់ពីជំងឺកូវីដ-១៩ នូវផែនការស្តារឡើងវិញ។

ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលគ្រោងធ្វើនៅក្នុងខែមិថុនាខាងមុខនេះ លោក Dung បាននិយាយថា ប្រទេសវៀតណាមកំពុងបង្កើនការត្រៀមរៀបចំដោយយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពខ្ពស់​បំផុតសម្រាប់គណៈប្រតិភូទាំងអស់។

លោកបានអំពាវនាវឱ្យមានកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពីបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀតនៅក្នុងការងាររៀបចំ ដើម្បីធានាបាននូវភាពជោគជ័យ។

បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតបានកោតសរសើរ ចំពោះតួនាទីជាប្រធានអាស៊ានរបស់ប្រទេសវៀតណាមរហូតមកដល់ឆ្នាំនេះ ជាពិសេសការឆ្លើយតបរបស់ប្រទេសនេះចំពោះជំងឺរាតត្បាត។

ពួកគេបានអះអាងការគាំទ្ររបស់ពួកគេ ចំពោះការលើកកម្ពស់នូវការធ្វើឱ្យសម្រេចនូវលទ្ធផលធំៗពីកិច្ចប្រជុំកំពូលអាស៊ាន​ពិសេស និងកិច្ចប្រជុំកំពូលអាស៊ានពិសេសបូក ៣ ស្តីពីជំងឺកូវីដ-១៩ ដែលស្នើដោយប្រទេសវៀតណាម និងប្តេជ្ញាបន្តកិច្ចសម្របសម្រួល​ជាមួយវៀតណាមដើម្បីបំពេញអាទិភាពអាស៊ានក្រោមផែនទីបង្ហាញផ្លូវ។

បណ្តាប្រទេសទាំងនោះបាននិយាយថា ពួកគេជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងទទួលបានជោគជ័យ និងសន្យាថា នឹងរួមដៃគ្នាជាមួយប្រទេសវៀតណាមក្នុងការងាររៀបចំទាំងនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)