ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាថា ទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញជាមួយនឹងការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបង្ហាញថា កំណើនភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះ​​ឡើង​វិញបណ្តើរៗហើយបន្ទាប់ពីកម្ពុជាលែងមានអ្នកឆ្លងកូវីដ-១៩ថ្មី និងព្យាបាលជាសះស្បើយអ្នកឆ្លង ​ទាំងអស់។

លោកស្រី ឆាយ ស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ខែ      ឧសភាឆ្នាំ២០២០នេះថា បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងកូវីដ-១៩ថ្មី និងអ្នកឆ្លងជាង១០០នាក់ត្រូវបានព្យាបាលជាសះស្បើយហើយរួចមក គឺប្រជាពលរដ្ឋបាននាំគ្នាចេញដើរកំសាន្តបណ្តើៗឡើងវិញតាមរមណីយដ្ឋានធម្មជាតិនានា ដើម្បីស្រួបយកខ្យល់ធម្មជាតិតាមសមុទ្រ ទន្លេ និងតំបន់ព្រៃភ្នំ ជាលក្ខណៈបងប្អូន​ មិត្តភ័ក្ត​ ក្រុមគ្រួសារ​ ។ ចំណែកសេវាកម្មទេសចរណ៍មានដូចជា ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគាមួយចំនួនក៏បានបើកដំណើរការផងដែរ។

លោកស្រីបញ្ជាក់ថា មូលហេតុដែលទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញនេះ ដោយតែប្រជាពលរដ្ឋនៅក្នុងអំឡុងមួយរយៈពេលកូវីដ-១៩នេះ ពួកគេមិនបានចេញដើរទៅលេងខាងក្រៅ រាប់ទាំងចូលឆ្នាំខ្មែរផងដែរដោយឃុំខ្លួនឯងក្នុងផ្ទះជាច្រើនថ្ងៃកន្លងមកធ្វើឱ្យមានធុញថប់ក្នុងអារម្មណ៍។

លោកស្រីចាត់ទុកថា នេះជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាតែជំងឺកូវីដ-១៩។ សំឡេង៖ «…………………………………………….»

ជាមួយគ្នានោះ លោកស្រីស្នើឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវបន្តអនុវត្តនូវវិធានការណ៍ការពារជំងឺកូវីដ-១៩ឱ្យបានជាប់ជាប្រចាំ តាមរយៈធ្វើអនាម័យឱ្យបានល្អ នឹងរៀបចំគម្លាតតុ កន្លែងអង្គុយកំសាន្តឱ្យបានត្រឹមត្រូវដើម្បីកុំអោយមានការឆ្លងកូវីដ-ជាថ្មីនៅកម្ពុជា។

ចំពោះការផ្សព្វផ្សាយគោលដៅទេសចរណ៍វិញ ជាចំហានដំបូងនេះ លោកស្រី និងដៃគូវិស័យឯកជនដែលធ្វើការលើវិស័យទេសចរណ៍បានបើកយុទ្ធនានាជំរុញការផ្សព្វផ្សាយពីកញ្ចប់អេកូទេសចរណ៍​ក្នុងស្រុកឱ្យបានច្រើន ខណៈទេសរអន្តរជាតិវិញនៅមិនទាន់ធ្វើការផ្សព្វផ្សាយបានទូលំ​​ទូលាយ​ឡើងវិញនៅឡើយទេ រង់ចាំមើលសភាពការណ៍ពិភពលោកដោះស្រាយវិបត្តិកូវីដ-១៩ចប់រួចរាល់សិន​៕

(ខាងក្រោមនេះរូបភាពភ្ញៀវទេសចរណ៍ទៅកំសាន្តនៅខេត្តកែបកាលពីសប្តាហ៍មុន )