ក្រសួងធនធានទឹកប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងលាយលំជាមួយខ្យល់កន្ទ្រាក់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៥ ២០២០៖

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព ក្នុងពេលមានភ្លៀងធ្លាក់ ដែលបណ្តាលមកពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្តប់ និងបក់លើកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១៩ ខែឧសភានេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០-២៦ ខែឧសភាស្អែកនេះ នៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះផ្នែកខ្លះនៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន ខណៈសីតុណ្ហភាពអប្បបរមាអាចមានពីចន្លោះ២៥ទៅ២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាចន្លោះពី៣៧ទៅ៣៩អង្សាសេ។

ប្រភពដដែលបន្តថា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរ៉ែក និងខ្ពស់រាបឦសាន អាចមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣ទៅ៣៨អង្សាសេ និងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ខណៈបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានសីតុណ្ហភាពអប្បបរមាពី២៦ទៅ២៨អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៣ទៅ៣៥អង្សាសេ ព្រមទាំងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។

ដូចគ្នានេះ គណៈកម្មាធិការទន្លេមេគង្គ បានអះអាងថា កម្រិតទឹកអាងទន្លេមេគង្គក្រោមមានប្រទេស៖ ថៃ ឡាវ កម្ពុជា និងវៀតណាម បានត្រឡប់មករកប្រសើរឡើងវិញ បន្ទាប់ពីស្រកចុះ ក្នុងកម្រិតទាបគួរឲ្យព្រួយបារម្ភតាំងពីដើមរដូវប្រាំងកន្លងមកនេះ។

លោក ឡាំ ហុង សុន(Lam Hung Son) ប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់គណៈកម្មាធិការទន្លេមេគង្គ មានប្រសាសន៍ថា បរិមាណទឹកភ្លៀងដែលធ្លាក់ចាប់តាំងពីសប្តាហ៍ទី៣ នៃខែមេសាមក បានធ្វើឲ្យកម្រិតទឹកអាងទន្លេមេគង្គក្រោមមានភាពប្រសើរឡើងវិញ និងអាចកើតមានទឹកជំនន់គ្រប់ពេលវេលា ដែលទាមទារឲ្យប្រជាជនគួរតែប្រុងប្រយ័ត្នចំពោះការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស៕