ឯកឧត្តម សេង ទៀង និងលោកជំទាវ នាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ថល់ជូន គ្រួសារកូនភ្លោះ បី ទី ៣៦៤ នៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា​៖

ទារកភ្លោះបីនាក់ ត្រូវជាចៅៗ របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត   បាន​​ទទួល​អំ​ណោយដ៏សប្បរសធម៌ របស់​សម្តេច​​អគ្គមហាសនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទទួលបានទឹក​ប្រាក់៥លានរៀល អង្ករ៥០គីឡូ​ក្រាម ទឹក​ដោះ​គោ​ម្ស៉ៅ​ឌុយ​ម៉ិក​២កេសធំ ស្មើនឹង៤៨កំប៉ុង ស្កសរ៥គីឡូក្រាម សារុង​២និងក្រម៉ា២។ ឯកឧត្តម សេង ទៀង ជំនួយ​ការ​ផ្ទាល់​សម្តេច​តេ​ជោ​​នាយក​រដ្ឋមន្រ្តី និងលោកជំទាវ​ អញ្ជើញ​នាំយក​អំណោយ​ដ៏សប្បរ​ធម៌​ទាំងអស់​នោះ ទៅចែកជូន​ផ្ទាល់​​ដៃ​ដល់គ្រូសារ​កូនភ្លោះ ដល់លំនៅដ្ឋានកូនភ្លោះ ស្ថិត​ក្នុង​ ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាល​ពីព្រឹកថ្ងៃទី១៩ឧសភា។ ​ទារក​ភ្លោះទាំង​៣នាក់​ ដែលទទួល​​​​បាន​អំ​ណោយ​​​ឧបត្ថម្ភពីសម្តេច​​ទាំងទ្វេ​​នៅ​​ពេល​​នេះ ជាកូន​លើកទី២ របស់​ឪពុក​ឈ្មោះ សូ សាវ៉ុនអាយុ​៣០ឆ្នាំ​ មុខរបរ​ជាងកម្មករសំណង់ ម្តាយ​ឈ្មោះ ស៊្រន ដាលីន  អា​យុ​២៨ឆ្នាំ មុខរបរកម្មករកាត់ដេរទារកភ្លោះ​ទាំង​បីនាក់នេះ ប្រ​សូត្រ​នៅថ្ងៃទី៥ខែ​ឧសភាឆ្នាំ​២០២០​ នៅ​មន្ទីរបង្អែកខេត្តកំពង់ស្ពឺ ឯកឧត្តម សេង ទៀង មាន​ប្រ​​សាសន៍ពាំនាំនូវការ​​​ផ្តាំ​​ផ្ញើរ​សាកសួរសុខទុក្ខ ដោយ​​​សេច​​​ក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សម្តេច​តេ​ជោនិងសម្តេច​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​កាល​សម្តេច​ទាំងទ្វេ តែង​តែ​ផ្ញើ​នូវការ​នឹក​រលឹក​ចំពោះ​ប្រ​ជា​​ពល​​រដ្ឋ នៅគ្រប់​​ទីកន្លែង​​​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា។ ឯក​ឧត្តម​ជំនួយការផ្ទាល់​មាន​​ប្រសា​សនឲ្យដឹង​​ដែរថា ចាប់តាំង​ពី​ឆ្នាំ​១៩៩៩រហូតមកដល់បច្ចុប្បន្ន​​នេះ មាន​គ្រួសារ​ប្រសូត្រ​​ទារក​ភ្លោះបី​នាក់​​ឫ​បួន​នាក់ ​ចំនួន​​៣៦៤​​គ្រួសារ​​​ហើយ បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ដ៏សប្ប​រសធម៌ ពី​សម្តេច​តេ​ជោ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត ក្នុងការ​ជួយ​ទំនុកបំរុងដល់ការ​លំបាក​ខ្វះខាតក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ពិ​សេស​ការ​ចិញ្ចឹមបីបាច់ទារក​ភ្លោះ​បី​នាក់ ដែលជាចៅៗរបស់សម្តេច​ទាំង​ទ្វេ នៅ​ពេល​ឆ្លង​ទន្លេរួច។ ឯកឧត្តម​មានប្រសា​សន៍បន្តថា ចំនួនគ្រួសារ​ទារក​ភ្លោះបីនាក់នេះមាន​ច្រើន​ជាងនេះ​ទៀត ដែល​​​​សម្តេចតេជោនិងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត បានឧប​ត្ថម្ភតាមរយៈ​អ្នកតំណាង​រាស្រ្ត និងក្រុមការ​ងារ​ចុះ​ជួយប្រជា​ពល​រដ្ឋនៅតាម​មូល​ដ្ឋានភូមិ ឃុំ ស្រុក រាជ​ធា​នីខេត្ត កាល​ពី​មុនឆ្នាំ​១៩៩៩។ ឯកឧត្តម​មាន​ប្រ​សាសន៍បន្តថា ជំនួយ​ឧបត្ថម្ភ​ទាំង​អស់នេះ មិនមែនជា​អំណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​កាក​បាទក្រហមកម្ពុជា ឬអំ​ណោយ​របស់គណបក្ស​ ដែល​បំរើឲ្យសកម្ម​ភាព​នយោ​បាយនោះទេ ផ្ទុយ​ទៅវិញអំណោយ​ទាំងអស់នេះ គឺជាអំណោយទាន​កើតចេញ​ពីទឹកចិត្តជ្រះ​ថ្លា​ប្រកប​ដោយ​​​​ការគិតគួរ​ខ្ពស់ របស់សម្តេចតេជោនិង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេង​យល់​​ពីការ​លំបាក​ពិតប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋដែលមាន​ប្រសូត្រ​ទារកភ្លោះបីឬបួននាក់ពិត​ប្រាកដ​ ឯកឧត្តមជំនួយការផ្ទាល់បានធ្វើការក្រើន​រំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។ ​តំណាង​មាតា​បិតាកូនភ្លោះ មានប្រសាសន៍ថ្លែង​នូវ​ការ​គោរពដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ជូនចំពោះ​សម្តេច​​តេ​ជោ​និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត ដែល​បានផ្តល់​នូវអំណោយ​ឧប​ត្ថម្ភដ៏សប្បរស​​ធម៌ដល់​គ្រួសារ​របស់ខ្លួន ដែល​ជួប​ប្រទះ​​នូវការលំបាក ក្នុងការ​ចិញ្ចឹម​បី​បាច់​​កូន​ភ្លោះបី​នាក់ ក្នុងស្ថានភាពដែលគ្រួសារ​របស់​ខ្លួន មាន​ជីវ​ភាព​រស់នៅ​ដ៏លំបាកនេះ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺមកដល់ពេលនេះ មានគ្រួសារប្រសូត្រកូនភ្លោះបី ចំនួន១៧គ្រួសារហើយ ដែលបានទទួល អំណោយឧបត្ថម្ភពីសម្តេចទាំងទ្វេ ក្នុងការជួយទំនុកបំរ៉ុងដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលមានការលំបាកនេះ។