អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាលោកប៉ែន ផាត ជាប់នៅប្រទេសថៃដោយសារតែមេរោគកូវីដ ១៩ កំពុងតែរាតត្បាតពាសពេញពិភពលោក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាលោកប៉ែន ផាត ពេលនេះកំពុងតែជាប់នៅក្នុងប្រទេសថៃដោយសារតែមេរោគកូវីដ ១៩ កំពុងតែរាតត្បាតពាសពេញពិភពលោក ។
លោកប៉ែន ផាត ដែលមានទីលំនៅអចិន្ត្រៃយ៍នៅប្រទេសបារាំងនោះ លោកបានក្លាយជាគ្រូបង្វឹកបាល់ទាត់Academy នៅខេត្តឈុនបូរីនាប្រទេសថៃ ។ លោកបានក្លាយជាគ្រូបង្វឹកនៅទីនោះរយៈពេល៣ឆ្នាំមកហើយ ដោយកុងត្រាម្ដងៗមានតម្លៃ ៦ខែ ។ លោកបានប្រាប់ឲ្យដឹងពីខេត្តឈុនបូរីមកថា កិច្ចសន្យាត្រូវបញ្ចប់នៅខែមិថុនានេះ ។
បន្ទាប់ពីចប់កិច្ចសន្យាលោកតែងតែមកស្រុកខ្មែរ ដើម្បីជួបជាមួយមិត្តចាស់ៗ និងហូបបាយជាមួយគ្នានិងរំលឹកពីអានុស្សាវរីយ៍កន្លងមក ដែលធ្លាប់ជាអ្នកកីឡាដូចគ្នា ។ បន្ទាប់មកទើបលោកត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ដើម្បីរង់ចាំទទួលកិច្ចសន្យាថ្មី ។
សម្រាប់ពេលនេះ កិច្ចសន្យាជិតនឹងបញ្ចប់ហើយ រីឯសិស្សរបស់លោកប្រមាណជា១០០នាក់ជាង គេចាកចេញពីជម្រំហ្វឹកហាត់ទៅផ្ទះរបស់គេវិញ ។ សព្វថ្ងៃក្នុងជម្រំហ្វឹកហាត់នៅសល់កីឡាករក្មេងៗ តែជាង១០នាក់ប៉ុណ្ណោះ ។លោកត្រៀមខ្លួនរួចរាល់ទៅហើយដើម្បីទៅស្រុកខ្មែរ តែគ្មានជើងយន្ដហោះទៅ ចំពោះយន្ដហោះទៅស្រុកបារាំង ក៏គ្មានដែរអញ្ចឹងហើយទើបលោកជាប់ផុងនៅស្រុកថៃបែបនេះ ។
លោកបាននិយាយថា មិត្តជនជាតិថៃជាមិត្តភ័ក្ត្រដែលធ្លាប់លេងបាល់ជាមួយលោកនៅតែរាប់អានលោកហើយតែងតែទាក់ទងលោកឲ្យមកជួយបង្ហាត់កុមារតូចៗនៅប្រទេសថៃដូចសព្វថ្ងនេះ។
លោកប៉ែន ផាត ជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់កម្ពុជាក្នុងអម្លុងទសវត្សរ៍ឆ្នាំ១៩៦០និង១៩៧០ ។នៅឆ្នាំ១៩៧២លោកបានចាកចេញពីស្រុកខ្មែរទៅលេងឲ្យក្លិបមួយនៅប្រទេសថៃរហូតខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញ ។លោកបានបន្តលេងនៅប្រទេសថៃមុនពេលលោកភៀសខ្លួនទៅរស់នៅប្រទេសបារាំង ។នៅប្រទេសថៃលោកត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាសត្វពស់កេងកងដោយសារតែចលនាបណ្ដើរបាល់របស់លោករស់រវើកដូចសត្វពស់លូនអញ្ចឹង ។
ក្នុងអម្លុងដែលខ្មែរក្រហមត្រួតត្រាប្រទេសនោះ លោកត្រូវបានពួកថៃទាមទារឲ្យលោកកាន់លិខិតឆ្លងដែនថៃ ដើម្បីឲ្យលោកលេងក្នុងក្រុមជម្រើសជាតិថៃបាន តែលោកបដិសេធ ។ការបដិសេធនេះ បានធ្វើឲ្យសហព័ន្ធបាល់ទាត់ថៃ មិនសប្បាយចិត្តហើយតែងតែរារាំងមិនឲ្យលោកចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសទី៣បានឡើយ តែទីបំផុតលោកចាកចេញពីប្រទេសថៃទៅកាន់ប្រទេសបារាំងបានដោយមានការជួយជ្រោមជ្រែងពីមិត្តភ័ក្ត្រថៃមួយចំនួនមកនោះ ៕