ក្រសួងយុត្តិធម៌ បង្កើនវិធានការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

ក្រសួងយុត្តិធម៌ បានបង្កើនវិធានការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដ ដើម្បីពន្លឿនការរកយុត្ដិធម៌ជូនប្រជាពលរដ្ឋ និងដោះស្រាយការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ។
ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បានសម្រេចដាក់ចេញនូវ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដ ដោយចាប់អនុវត្ដពីថ្ងៃ១៨ខែឧសភា តទៅ ដើម្បីពន្លឿនការរកយុត្ដិធម៌ឱ្យបានឆាប់រហ័ស និងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្ដល់សេវាយុត្ដិធម៌ និងចូលរួមចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ។
ថ្លែងក្នុងសន្និសិទសារព័ត៌ នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅទីស្ដីការក្រសួង ឯកឧត្ដម បានបញ្ជាក់ថា ការសម្រេចដាក់ចេញនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដនេះដោយសាតែមានការកើនឡើងនៃសុំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ដ និងចំនួនអ្នកជាប់ឃុំក៏មានការកើនឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់យុទ្ធការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានាជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិ និងបទល្មើសព្រៃឈើ ដើម្បីធានាភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្ដិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា យុទ្ធនាការនេះបានកំណត់យកអភិក្រមចំនួន២ ទី១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋានច្បាប់ និងដោះស្រាយសំណុំរឿងមានភាពម៉ឺងម៉ាត់ ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងទី២ យុទ្ធនាការដោះស្រាយកាកកស្ទះសំណុំរឿងនេះ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្ដិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឱ្យមានដាច់ខាតនូវស្ថានភាពត្រីងៀតឆ្លៀតពងនៅក្នុងយុទ្ធការនេះ។
ឯកឧត្ដមបន្ថែមថា ផ្អែកលើអភិក្រមទាំងពីរនេះ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមក្នុងយុទ្ធនាការបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ និងត្រូវកត់ត្រាទុកជាគុណសម្បត្ដិការងារ ប៉ុន្ដែបើចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្ដ ខុសច្បាប់ ឬបានឆ្លៀតយកឱ្យកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង និងត្រូវកត់ត្រាទុកជាកំហុស ដែលនឹងត្រូវទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកច្បាប់។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានបង្កើតគណៈកម្មាដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដ ដើម្បីជួយដល់សាលាដំបូងឱ្យអនុវត្ដយុទ្ធនាការបានជោគជ័យ និងត្រឹមត្រូវ ដែលស្របតាមអភិក្រម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សាលាដំបូងរាជធានីខេត្ដ មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបជិត៤ម៉ឺនសំណុំរឿង ហើយគ្រឿងញៀនមានចំនួន៦២៦០សំណុំរឿង និងអ្នកជាប់ឃុំមានចំនួន១២,៦៥១នាក់ អ្នកជាប់ឃុំសំណុំរឿងគ្រឿងញៀន៦៩០០នាក់៕