ក្រសួងយុត្តិធម៌ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលបានប្រព្រឹត្ដខុសច្បាប់ នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

ក្រសួងយុត្តិធម៌ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្ដខុសច្បាប់ ឬបានឆ្លៀតយកឱ្យកាសនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង។

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដនេះ បានកំណត់យកអភិក្រមចំនួន២ ទី១ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋានច្បាប់ និងដោះស្រាយសំណុំរឿងមានភាពម៉ឺងម៉ាត់ ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងទី២ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្ដិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឱ្យមានដាច់ខាតនូវស្ថានភាពត្រីងៀតឆ្លៀតពងនៅក្នុងយុទ្ធការនេះ។
ថ្លែងក្នុងសន្និសិទសារព័ត៌ នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅទីស្ដីការក្រសួង ឯកឧត្ដមបានបញ្ជាក់ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្ដខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង និងត្រូវកត់ត្រាទុកជាកំហុស ដែលនឹងត្រូវទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកច្បាប់។ ប៉ុន្ដែចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមក្នុងយុទ្ធនាការបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ និងត្រូវកត់ត្រាទុកជាគុណសម្បត្ដិការងារ។
ឯកឧត្ដម បានបញ្ជាក់ថា ការសម្រេចដាក់ចេញនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដនេះ ដើម្បីពន្លឿនការរកយុត្ដិធម៌ជូនប្រជាពលរដ្ឋ និងដោះស្រាយការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ ដោយសាតែមានការកើនឡើងនៃសុំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ដ និងចំនួនអ្នកជាប់ឃុំក៏មានការកើនឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់យុទ្ធការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានា ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិ និងបទល្មើសព្រៃឈើ ដើម្បីធានាភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្ដិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សាលាដំបូងរាជធានីខេត្ដ មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបជិត៤ម៉ឺនសំណុំរឿង និងគ្រឿងញៀនមានចំនួន៦២៦០សំណុំរឿង ក្នុងនោះអ្នកជាប់ឃុំមានចំនួន១២,៦៥១នាក់ និងអ្នកជាប់ឃុំសំណុំរឿងគ្រឿងញៀន៦៩០០នាក់៕