រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រំលឹកដល់ថ្នាក់ ដឹកនាំមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ ត្រូវរៀបចំការងារតាមជំនាញ ដើម្បីត្រៀមក្នុងកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ ឧសភា ២០២០៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រំលឹកដល់ថ្នាក់ ដឹកនាំមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ ត្រូវរៀបចំការងារតាមជំនាញ ដើម្បីត្រៀមក្នុងកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប (ASEM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបំពេញរាល់កិច្ចការងារអោយបានល្អ និងជោគជ័យ។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ ដឹកនាំមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ ត្រូវរៀបចំការងារតាមជំនាញ ដើម្បីត្រៀមរៀបចំក្នុងកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប (ASEM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ខាងមុខនេះ ។ ឯកឧត្តម បានបន្ថែមថា ទោះបីជាកិច្ចប្រជុំនោះ មិនទាន់សម្រេចថា ត្រូវលើកពេលដោយសារបញ្ហាជំងឺកូវីត-១៩ ឬយ៉ាងណានោះទេ តែសម្រាប់ក្រុមការងារក្រសួងព័ត៌មាន ត្រូវត្រៀមមនុស្សអោយបានគ្រប់គ្រាន់ ដើម្បីបំពេញរាល់កិច្ចការងារអោយបានល្អ និងជោគជ័យ។
ជាមួយនេះ ឯកឧត្តម ក៏បានអោយក្រុមការងាររៀបចំចងសៀវភៅ ស្តីពីកម្ពុជាឆ្នាំ២០២០ ដែលមាន៤ភាសាធ្វើយ៉ាណាអោយបានរួចរាល់ នៅមុនកិច្ចប្រជុំអាស៊ី អឺរ៉ុប ដើម្បីទុកចែកជូនដល់ប្រមុខរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលមកចូលរួម។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រសិនបើ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប (ASEM) ដំណើរការតាមការគ្រោងទុក ហើយបានចប់ដោយជោគជ័យរួចហើយនោះ ក្រសួងព័ត៌មាន ក៏គ្រោងបន្តទទួលរៀបចំ វេទិកាយុទ្ធសាស្រ្តចតុកោណ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយប្រទេសចិន ដែលគ្រោងនឹងមានអ្នកស្រាវជ្រាវ និងធុរះជនល្បីៗប្រមាណ៧០០នាក់ ចូលរួមក្នុងវេទិកានេះ ផងដែរ៕