ក្រសួងយុត្តិធម៌បានប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្តជាផ្លូវការ ចាប់ពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០នេះតទៅ

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០៖

ក្រសួងយុត្តិធម៌បានប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្តជាផ្លូវការ ចាប់ពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០នេះតទៅ ដើម្បីចូលរួមចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអៈអាងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ តាមរយៈការពន្លឿនចំណាត់ការសំណុំរឿង ។
ឯកឧត្តមបន្តថា យុទ្ធនាការនេះក៏ជាផ្នែកមួយជួយប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងនៅកម្ពុជា ស្របតាម យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព មិនកកស្ទះសំណុំ រឿងហើយពន្លឿនការដោះស្រាយចាប់ជនល្មើសឲ្យបានទាន់ពេលវេលា ។
« ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតយន្តការមួយគឺគណៈកម្មាធិការដឹកនាំការដោះស្រាយ ការកកស្ទះ សំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ហើយយើងបង្កើតក្រុមការងារចំនួន ៤ ហើយកំណត់តំបន់ទទួលខុសត្រូវនៅតាម សាលាដំបូងរាជធានីខេត្ត ដើម្បីអាចឲ្យក្រុមការងារមួយដែលដឹកនាំដោយរដ្ឋលេខាធិការម្នាក់ហ្នឹង មានថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមអាចចូលទៅធ្វើសកម្មភាពក្នុងការដឹកនាំអនុវត្តយុទ្ធនាការ ជាពិសេសដោះស្រាយបញ្ហាប្រឈមនិងគាំទ្របច្ចេកទេសទៅដល់តុលាការ » ។
ឯកឧត្តមបន្តថា ក្រុមការងារទាំង៤នេះមិនមែនជាក្រុមការងារអនុវត្តយុទ្ធនាការនោះទេ តួអង្គដែលប្រតិបត្តិពិតប្រាកដ សម្រាប់ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះគឺ ចៅក្រមនិងព្រះរាជអាជ្ញា ចំណែកក្រុមទាំង៤នេះ ប្រើតាមច្បាប់សម្រាប់ដោះស្រាយ ការកកស្ទះប៉ុណ្ណោះ ។
សូមជម្រាបថា ផ្អែកតាមទិន្នន័យដែលប្រមូលបានគិតត្រឹមថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០នេះ សាលាដំបូងរាជធានីខេត្តមានសំណុំរឿងព្រហ្មទណ្ឌដែលកំពុងចាត់ការសរុបចំនួន ៣៩,១៥៩ សំណុំរឿង ( គ្រឿងញៀនមានចំនួន ៦,២៦០ សំណុំរឿង ) និងមានអ្នកជាប់ឃុំសរុបចំនួន ១២,៦៥១នាក់ អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០ នាក់ ) ។ សំណុំរឿងនេះត្រូវបានបែងចែកជាដំណាក់កាលដូចតទៅ ៖ (ទី១)- នៅដំណាក់កាលអយ្យការមាន ៦,៦៩៣ សំណុំរឿង, (ទី២)- នៅដំណាក់កាលស៊ើបសួរមាន ២០,៧៤៧ សំណុំរឿង ក្នុងនោះសំណុំរឿងមានខ្លួនមានចំនួន ៤,៣៦៦ សំណុំរឿង និងមានជនត្រូវចោទជាប់ឃុំចំនួន ៦,៨២៨នាក់ ) និង (ទី៣) – នៅដំណាក់កាលជំនុំជម្រះមាន ១១,៧១២ សំណុំរឿង និងមានជនជាប់ចោទជាប់ឃុំចំនួន ៥,៨២៣នាក់ ។
សូមបញ្ជាក់ថា ផ្អែកតាមទិន្នន័យដែលបានប្រមូលបានគ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញសំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់ ១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី ៧០០រឿងទៅ ៩០០រឿងក្នុងមួយខែ ដែលធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះ បានដោយខ្លួនឯងនោះទេ ។ សាលាដំបូងមួយចំនួនទៀតនៅតាមបណ្ដាខេត្តក៏ជួបនូវបញ្ហាប្រឈមដូចគ្នានេះដែរ ជាពិសេសខេត្តដែលមានបទល្មើសគ្រឿងញៀនច្រើន ៕