អាជ្ញាធររាជធានីភ្នំពេញណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់បង្កើនការធ្វើអនាម័យនិងប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​

 អាជ្ញាធររាជធានីភ្នំពេញណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់បង្កើនការធ្វើអនាម័យនិងប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្នរដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន។

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា  ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ-១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា  ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយគោរពនូវគោលការណ៍ចំនួន ៣ ចំនុច ទី១ ៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ទី២រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។

ទី៣ រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

   សេចក្តីជូនដំណឹងបានព្រមានថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន ហើយទាល់តែ គោរពតាមគោលការណ៍ឡើងវិញ ទើបអនុញ្ញាតអោយបើកឡើងវិញ៕