គម្រោងស្ថាបនាផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចបានជាង៩០ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​

 គម្រោងស្ថាបនាផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចបានជាង៩០ភាគរយហើយ ដែលគ្រោង នឹងបញ្ចប់នៅពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍និង ទាក់ទាញភ្ញៀវទេសចរ។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។ គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។ លើសពីនេះទៀត ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕