ស្ថានភាពនៃការឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសរុស្ស៊ីមានភាពនឹងនៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ លោកស្រីវេជ្ជបណ្ឌិត Anna Popova ប្រធានផ្នែកអនាម័យរបស់ប្រទេសរុស្ស៊ី​បាននិយាយថា ស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសកំពុងមានស្ថិរភាព ហើយនៅទូទាំងប្រទេស រុស្ស៊ី។

លោកស្រី Popova បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយលោក Pavel Zarubin ដែលជាម្ចាស់កម្មវិធី «ទីក្រុងមូស្គូ វិមានក្រឹមឡាំង លោក ពូទីន» នៃស្ថានីយទូរទស្សន៍ Rossiya 1 ថា «យើងបានបញ្ឈប់ការរីករាលដាលបានហើយនៅក្នុងថ្ងៃនេះ។ <… > ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែគ្មានកំណើននៃការឆ្លងនោះទេ។ ស្ថិរភាពត្រូវបានគេមើលឃើញនៅទូទាំងប្រទេស»។

យោងទៅតាមលោកស្រី Popova ដែលជាប្រធានសេវាសហព័ន្ធសម្រាប់ការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាព​មនុស្ស បានឱ្យដឹងថា ការរីកចម្រើននេះត្រូវសម្រេចបានដោយសារតែការយកចិត្តទុកដាក់របស់ប្រជាជនរុស្ស៊ីចំពោះសុខភាពរបស់ពួក​គេ។

រហូតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងមេរោគកូរ៉ូណាវីរុសសរុបចំនួន ២៨១.៧៥២ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី ដោយមានអ្នកជំងឺចំនួន ៦៧.៣៧៣នាក់បានជាសះស្បើយឡើងវិញ។ ទិន្នន័យចុងក្រោយរបស់រុស្ស៊ីបង្ហាញថា មានអ្នកស្លាប់ចំនួន ២.៦៣១នាក់នៅទូទាំងប្រទេស។ នៅមុននេះរដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរស័ព្ទតាមអ៊ិនធឺណេតដើម្បីធ្វើឱ្យសាធារណជន​ អាចដឹងអំពីបច្ចុប្បន្នភាពទៅលើស្ថានភាពនៃជំងឺឆ្លងមួយនេះបាន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)