កូរ៉េខាងត្បូងសង្កត់ធ្ងន់អំពីតួនាទីរបស់អាស៊ាននៅក្នុងផែនការមេនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ

AKP ភ្នំពេញ  ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ — តំបន់អាស៊ីអាគ្នេយ៍ត្រូវបានកំណត់ថា ជាកន្លែងដែលឧស្សាហកម្មហិរញ្ញវត្ថុរបស់សាធារណរដ្ឋ​កូរ៉េគួរតែពង្រីកវត្តមានរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីសម្រេចផែនការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅក្នុងឆ្នាំ ២០២២ ។

យោងតាមគណៈកម្មការសេវាហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង (FSC) បានឱ្យដឹងថា ការពង្រីកនៅក្នុងបណ្តាប្រទេសនៅ​អាស៊ាន គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រធំៗទាំងបី សម្រាប់ផែនការមេទី ៥ របស់កូរ៉េខាងត្បូង។

នេះជាលើកទី ១ ហើយ ដែលសាធារណរដ្ឋកូរ៉េបានសង្កត់ធ្ងន់ទៅលើអាស៊ាននៅក្នុងផែនការរបស់ខ្លួន។

FSC បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ជាគោលដៅនៃយុទ្ធសាស្ត្រក្រៅប្រទេសរបស់យើង សេដ្ឋកិច្ចអាស៊ាន​ដែលកំពុងរីកចម្រើនបានទទួលការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង»។ «ក្នុងចំណោមសាខាបរទេសទាំង ២៧ ដែលក្រុមហ៊ុនហិរញ្ញវត្ថុ​កូរ៉េបង្កើតឡើងកាលពីឆ្នាំមុន មាន ១៣កន្លែងស្ថិតនៅក្នុង​ប្រទេសសមាជិកអាស៊ាន ដូចជាវៀតណាម ឥណ្ឌូណេស៊ី និងសិង្ហបុរី ជាដើម»។

កាលពីដើមខែធ្នូ ឆ្នាំ ២០១៩ វិទ្យាស្ថានទីផ្សារមូលធនកូរ៉េ (KCMI) បានណែនាំឱ្យ FSC ផ្តោតទៅលើទីផ្សារអាស៊ាន ដើម្បីបំពេញនូវតម្រូវការសម្រាប់សេវាកម្មហិរញ្ញវត្ថុនៅក្នុងតំបន់ ដែលបានលេចចេញជាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ប្រទេសចិន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)