ប្រទេសវៀតណាមគាំទ្រចំពោះកំណែទម្រង់វិធីសាស្ត្រធ្វើការងាររបស់ UNSC

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ — ប្រទេសវៀតណាម ក្នុងនាមជាអ្នកសម្របសម្រួល E10 នៅក្នុងខែឧសភា បានសង្កត់ធ្ងន់ទៅលើ​គោលជំហរ និងការប្តេជ្ញាចិត្តរបស់ E10 ចំពោះភាពចាំបាច់ដើម្បីលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព ការដាក់បញ្ចូល និងភាពបត់បែនរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំតាមវីដេអូមួយនៃ កិច្ចពិភាក្សាបើកចំហប្រចាំឆ្នាំស្តីពីវិធីសាស្រ្តធ្វើការងាររបស់ UNSC ។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមវីដេអូនោះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ​អង្គការសហប្រជាជាតិបាននិយាយថា ការធ្វើកំណែទម្រង់នៃវិធីសាស្ត្រធ្វើការងាររបស់ UNC នឹងជួយក្រុមប្រឹក្សានេះក្នុងការអនុវត្ត​បេសកកម្មរបស់ខ្លួនបានយ៉ាងល្អ ដែលត្រូវបានកំណត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងបរិបទនៃការកើន​ឡើងនៃបញ្ហាប្រឈមចំពោះពហុភាគីនិយម និងការលំបាកដែលបង្កឡើងដោយអស្ថិរភាពនៅលើពិភពលោក។

លោកឯកអគ្គរដ្ឋទូតរូបនេះបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNSC នាពេលថ្មីៗនេះ ក្នុងការកសាងឯកសារ​ស្តីពីវិធីសាស្រ្តការងារ និងគោលការណ៍ឆ្ពោះទៅរកការលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព ក៏ដូចជាដើម្បីរក្សាប្រតិបត្ដិការ ចំពេលដែល​មានការលំបាកដែលបានកើតឡើងដោយជំងឺកូវីដ-១៩ ។

លោកបានបញ្ចេញមតិថា UNSC គួរតែពង្រឹងបន្ថែមទៀតនូវរាល់ការរួមបញ្ចូលរបស់ខ្លួន រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការ​ចូលរួម និងការចូលរួមចំណែករបស់សមាជិកអចិន្រ្តៃយ៍ក្នុងការកាន់កាប់អាណត្តិ  រយៈពេលពីរឆ្នាំរបស់ពួកគេ។

លោកក៏បានលើកឡើងផងដែរអំពីភាពចាំបាច់ ដើម្បីបន្តធានានូវការប្រកាន់ខ្ជាប់នូវគោលការណ៍ការងារ និងជំរុញដោយមាន​កិច្ចពិភាក្សា ស្តីពីការកែទម្រង់វិធីសាស្ត្រធ្វើការងាររបស់ក្រុមប្រឹក្សានេះ ព្រមទាំងភ្នាក់ងារក្រោមឱវាទ​ក៏ដូចជាការខិតខំប្រឹងប្រែងធ្វើកំណែ​ទម្រង់ក្រុមប្រឹក្សា។

លោកឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ E10 ចំពោះគោលដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ UNSC នឹងបានបង្ហាញក្តីសង្ឃឹមសម្រាប់អនុសាសន៍បន្ថែមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

នេះជាលើកទី ២ ហើយ ដែល E10 បានបង្ហាញសេចក្តីថ្លែងការណ៍រួមរបស់ពួកគេស្តីពីបញ្ហានេះ។ បណ្តាប្រទេស E10 បានដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការកែទម្រង់វិធីសាស្រ្តធ្វើការងាររបស់ UNSC ជាមួយនឹងលទ្ធផលជាក់លាក់៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)